សមាជិកព្រឹទ្ធសភាថៃជាស្ត្រីដំបូងគេ ចេញមុខជំរុញឱ្យរដ្ឋាភិបាលថៃពិនិត្យមើលលើករណីការប្រើប្រាស់សំឡេងខ្មោច ការបំភិតបំភ័យ និងយាយីផ្លូវចិត្តមកលើប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តោយព្រំដែន

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញសេចក្តីជូនដំណឹង អំពីការលើកឡើងរបស់លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ ចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់ សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា។

គ.ស.ម.ក. បានដកស្រង់ខ្លឹមសារបស់លោកជំទាវ Angkhana Neelapaijit បញ្ជាក់ដូច្នេះថា «រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ លោកជំទាវ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការចេញមុខពីសំណាក់សមាជិកព្រឹទ្ធសភាថៃ​ ជំរុញក្រសួងការបរទេសថៃពិនិត្យមើលករណីនេះ ក្រោយពីបានឃើញញត្តិបន្ទាន់របស់ គសមក ដាក់បណ្តឹងទៅ OHCHR នៅហ្សឺណែវពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំឡេងរំខាន ពីសំណាក់កងទ័ពថៃមកលើប្រជាពលរដ្ឋកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ៕