ថៃ បន្តសកម្មភាពឈូសឆាយដីនៅតំបន់ភូមិព្រៃចាន់ បំពានលើដែនអធិបតេយ្យភាពកម្ពុជា

កងកម្លាំងចម្រុះថៃជាច្រើននាក់ប្រដាប់ដោយអាវុធ បានបន្តសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយលួចធ្វើការឈូសឆាយដី នៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ សកម្មភាពបំពានយ៉ាងគឃ្លើនរបស់កងកម្លាំងថៃនេះ គឺបានធ្វើការឈូសឆាយនៅទីតាំងថ្មីប៉ែកខាងឆ្វេង ពីទីតាំងចាស់ដែលថៃបានឈូសឆាយកាលពីពេលថ្មីៗនេះ នៅភូមិព្រៃចាន់ដូចគ្នា។

ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃបានធ្វើសកម្មភាពបំពានជាបន្តបន្ទាប់ទាំងការឈូសឆាយ ដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបានអាស្រ័យផលជាយូរមកហើយ និងបន្តចាក់សំឡេងរំខានលឺខ្លាំងៗ ដូចជាសម្លេងខ្មោច ឆ្កែព្រុស ឆ្កែលូ សម្លេងខ្យល់ សម្លេងយន្តហោះជាដើម ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។

យោងតាមកំណត់ហេតុសង្ខេប ស្តីពីសកម្មភាពល្មើសរបស់ថៃលើដែនអធិបតេយ្យកម្ពុជា ពីយប់ថ្ងៃទី១២ ដល់ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅភូមិជោគជ័យ ភាគីថៃបានចាក់បំពងសំឡេងខ្លាំងៗ មានដូចជា សំឡេងភាពយន្តឯកសារសំឡេង តន្ត្រីចម្រៀងថៃ តន្រ្តីចម្រៀងប្រពៃណីខ្មែរ សំឡេងព្រះសង្ឃសូត្រព្រះធម៌ និង សំឡេងព្រឺព្រួច ជាច្រើនទៀត ចំនួន៣លើក។ លើកទី១ ពីម៉ោង១៩:១០នាទីយប់ ដល់ម៉ោង២០:០០នាទីយប់។ លើកទី២ ពីម៉ោង២១:៣០នាទីយប់ ដល់ ម៉ោង២២:២០នាទីយប់ និងលើកទី៣ ពីម៉ោង៤:៤៩នាទីទៀបភ្លឺ ដល់ម៉ោង ៥:០៧នាទីព្រឹក។

រីឯភូមិព្រៃចាន់ ភាគីថៃបានបន្តធ្វើសកម្មភាពល្មើសចំនួន៣លើកទៀត រួមមាន លើកទី១ បញ្ចាំងភាពយន្ត ដោយប្រើឧបករណ៍បំពងសំឡេងខ្លាំងៗ ចាប់ពីម៉ោង ១៩:២៩នាទីយប់ ដល់ម៉ោង២៣:២៣នាទីយប់។ លើកទី២ ចាក់ធុងបាស់ បំពងសំឡេងខ្លាំងៗ ពីម៉ោង២៣:៣៦នាទីយប់ ដល់ម៉ោង០០:០២នាទីយប់ និងលើកទី៣ ចាក់ពីម៉ោង១:៤០នាទីយប់ ដល់ម៉ោង៣:៣០នាទីទៀបភ្លឺ។ សំឡេងដែលបានចាក់បំពងឮខ្លាំងៗនោះ ក៏មានទាំងសំឡេង ស្មូត្រខ្មែរ នឹង សំឡេងផ្សេងទៀតដូចគ្នានឹងភូមិជោគជ័យ។

ពាក់ព័ន្ធជាមួយនឹងសកម្មភាពបន្តរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោភបំពាន របស់ភាគីថៃ និងចាត់វិធានការចាំបាច់បំផុតដើម្បីបង្ខំ​ឱ្យប្រទេសថៃបញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លើនតទៅទៀត មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់ អាជ្ញាធរថៃមកលើដែន​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនអាចទទួលយកបាន ជាពិសេសការអនុវត្ត​ច្បាប់ថៃមកលើ​ដែនអធិបតេយ្យជាតិកម្ពុជា។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏អំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សា ទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់ មនុស្សធម៌អន្តរជាតិជាធរមាន។

រាជរដ្ឋាភិបាលកម្ពុជា ក៏បញ្ជាក់សារជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ ក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះ​ស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធីឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕