បើកវិញហើយ! ក្រោយបិទពិនិត្យរួច សមត្ថកិច្ចសម្រេចបើកឃ្លាំង​ក្លាសេ​សាច់​បង្កក​នាំចូលពីថៃ​របស់​អតីត​ឧកញ៉ា​មួយរូប អាចចែក​ចាយលេី​ទីផ្សារ​ឡេីងវិញ

សាច់​បង្កក​ ប្រហិត​បង្កក​ ជង្គង់​មាន់​ ជេីងមាន់​ ក្បាល​មាន់​ ក្បាល​ទា​ គ្រឿងក្នុងមាន់​ ។ ល​ ។  ដែលនាំចូលពីថៃរបស់​អតីត​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ នឹងត្រូវ​ចែកចាយ​នៅលេី​ទីផ្សារ​ឡើងវិញហើយ​ បន្ទាប់​ពី​មន្ត្រី​ ក.ប.ប​ អះអាងថា​ គុណភាព​ល្អ​ មិនប៉ះពាល់​ដល់​សុខភាព​ ។  

យោងតាមកំណត់ហេតុនៅថ្ងៃទី​ ១៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ របស់មន្ត្រី​ ក.ប.ប​ ក្រសួង​ពាណិជ្ជកម្ម​ បាន​ដឹកនាំ​កម្លាំងចម្រុះ​ ចុះបេីកឃ្លាំង​ក្លាសេ​សាច់​បង្កក​របស់​អតីត​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ នៅ​សង្កាត់​ច្រាំង​ចំរេះ១​ ខណ្ឌ​ឬស្សីកែវ​។ សមត្ថកិច្ចចម្រុះ បានអនុញ្ញាតឱ្យធ្វើការបើកសៀលហ៊ុំព័ទ្ធទំនិញ នៅក្នុងទូបង្កកនេះឡើងវិញ។

ដោយឡែក​ នៅទីតាំងឃ្លាំង​មួយទៀតនៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ មន្ត្រី​ ក.ប.ប​ បន្តឃ្លុំសៀល ដដែល​ ដើម្បីរងចាំលទ្ធផលពីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប។ 

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងស្តុកសាច់បង្កក ៣កន្លែងដែលជាកម្មសិទ្ធិរបស់អតីតឧកញ៉ា ឈ្មោះ អ៊ឹម សុផាន់ណារិទ្ធ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ក្រោយការពិនិត្យ មន្ត្រី ក.ប.ប បានបញ្ជាក់ថា មន្ត្រីជំនាញមិនបានរកឃើញសារធាតុហាមឃាត់ក្នុងសាច់បង្កកទាំងនោះទេ និងថា សាច់ក្លាសេដែលនាំចូលពីថៃសុទ្ធតែត្រូវបានបង់ពន្ធត្រឹមត្រូវ៕