ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់មន្ត្រីទាំងអស់កុំឱ្យមានការព្រួយបារម្ភ ខណៈការធ្វើជំរឿនមិនមែនជាដំណើរការរកកំហុស ដាក់វិន័យ ឬវះកាត់នោះទេ

មុនចាប់ផ្តើមយុទ្ធនាជំរឿនមន្ត្រី នៅក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ បានអញ្ជើញផ្តល់បទសម្ភាសជូនអ្នកសារព័ត៌មានថាដោយបានលើកឡើងថា ការរៀបចំធ្វើជំរឿននេះ មិនមែនជាលើកទី១ ទេនៅក្នុងប្រវត្តិរបស់ព្រះរាជាណាចក្រកម្ពុជា លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅចន្លោះឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ នៅឆ្នាំ២០២៥នេះ គឺជាដំណើរការនៃការដឹកនាំ និងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ផ្អែកទៅលើអភិក្រម«រៀបចំផ្ទះឱ្យបានរៀបរយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការរំពឹងទុកនៃការអនុវត្តការធ្វើជំរឿនរចនាសម្ព័ន្ធ ក៏ដូចជាមន្ត្រីកំពុងបំពេញភារកិច្ចជាក់ស្តែងតាមគោលដៅដែលគណៈកម្មការចុះទៅនេះ៖ ទី១.យើងចង់បាននូវទិន្នន័យច្បាស់លាស់ ដោយមានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ, ទី២.ការគ្រប់គ្រងឱ្យរឹតតែច្បាស់លាស់បន្ថែមទៅលើរចនាសម្ព័ន្ធបច្ចុប្បន្ន ក៏ដូចជាមន្ត្រីដែលបំពេញភារកិច្ចជាក់ស្តែងនៅតាមគោលដៅនីមួយៗ។ ចេញពីមូលដ្ឋាននៃទិន្នន័យទាំងអស់នេះ ការរៀបចំផែនការក្របខ័ណ្ឌ ផែនការជ្រើសរើសមន្ត្រី ការបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់មន្ត្រី ការពង្រាយមន្ត្រី ការស្នើដំឡើង ឋានន្តរសក្តិជាដើម។”

“ដំណើរការនៃការធ្វើជំរឿននេះ មិនមែនជាដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យ ឬវះកាត់នោះទេ។ អ្វីដែលយើងអនុវត្តធ្វើនៅពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាឱ្យទិន្នន័យដែលយើងមាននៅក្នុងប្រព័ន្ធ ផ្ទៀងផ្ទាត់ជាក់ស្តែងទៅលើរចនាសម្ព័ន្ធ និងមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែងតែម្តង ដោយពុំមានការប្រែប្រួលនូវទិន្នន័យណាមួយនោះទេ។ ទិន្នន័យដែលមានភាពច្បាស់លាស់ ដែលមានការឯកភាព និងប្រើប្រាស់បាន គឺជាមូលដ្ឋានគ្រឹះនៃការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ។” ឯកឧត្តមបានបន្ថែម។

ឱកាសនេះ ឯកឧត្តមសូមជម្រាបជូនដល់មន្ត្រីរាជការស៊ីវិលទាំងអស់ នៅគ្រប់គោលដៅ សូមចូលរួមទាំងអស់គ្នា និងសូមកុំឱ្យមានការព្រួយបារម្ភ។ ប្រសិនបើមានចំណុចណាដែលចង់ស្វែងយល់ ក៏ដូចជាសុំព័ត៌មានបន្ថែម ក្រុមការងារនៃក្រសួងមុខងារសាធារណៈ និងក្រុមការងារធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីតាមរចនាសម្ព័ន្ធ រង់ចាំការឆ្លើយ ដើម្បីផ្តល់ជាព័ត៌មានកាន់តែមានភាពច្បាស់លាស់។ ដំណើរការនាពេលនេះ ពិតជាត្រូវការចាំបាច់នៃការចូលរួមទាំងអស់គ្នា ត្រូវការសហការចូលរួមអនុវត្តដោយមានការទទួលខុសត្រូវទាំងអស់គ្នា។ ដូច្នេះមន្ត្រីរាជការស៊ីវិលតាមអង្គភាពនៃក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន សូមត្រៀមខ្លួនក្នុងការចូលរួមចំណែកទាំងអស់គ្នា ក្នុងដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ៕