បណ្ឌិត យង់ ពៅ៖ ឥរិយាបថជ្រុលនិយមថៃ នឹងធ្វើឱ្យថៃ ប្រឈមនឹងប៉ះពាល់ធ្ងន់ធ្ងរលើសពីបញ្ហាព្រំដែន…!

នៅព្រឹកម៉ោង ៨:៣០ព្រឹក ថ្ងៃអង្គារ នេះ ក្រុមបណ្តាញនិស្សិត និងប្រជាពលរដ្ឋដើម្បីកំណែទម្រង់ប្រទេសថៃ ដែលដឹកនាំដោយលោក ពិជិត ជ័យមង្គល បានប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារ មណីច័ន្ទ រីស៊ត (Maneechan Resort) ក្នុងខេត្តច័ន្ទបុរី (Chanthaburi) ដើម្បីដាក់ញត្តិជូនអភិបាលខេត្ត។

ពួកគេបានអំពាវនាវឱ្យមានការពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ថៃ-កម្ពុជា ហើយទាមទារលុប​ចោល​អនុស្សរណៈនៃការយោគយល់គ្នា (MoUs) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០០ និង ២០០១។

ជាមួយនឹងសកម្មភាពរបស់ក្រុមប្រជាពលរដ្ឋថៃនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃ ហាក់ព្យាយាមញែកប្រទេសខ្លួនឱ្យកាន់តែឃ្លាតចាកចេញពីច្បាប់អន្តរជាតិ ដែលនេះជាឥរិយាបថវង្វេង ព្រោះថា បើពួកគេកាន់តែបំពានច្បាប់អន្តរជាតិ ពួកគេកាន់ធ្លាក់ក្នុងអន្ទាក់នៃច្បាប់អន្តរជាតិដោយមិនអាចស្រោចស្រង់បាននូវសេចក្តីអាម៉ាស់ចំពោះការបាត់បង់លើសពីបញ្ហាព្រំដែន។

ជាការយល់ឃើញរបស់លោកបណ្ឌិត សកម្មភាពនិងឥរិយាបថថៃបច្ចុប្បន្ន កាន់តែបង្ហាញឥរិយាបថជ្រុលនិយម នាំឱ្យអន្តរជាតិមើលឃើញកាន់តែច្បាស់ថា ប្រទេសថៃ រដ្ឋពាលនិងជារដ្ឋជ្រុលនិយម៕