ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ គឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

ចាប់តាំងមានការពីផ្ទុះអាវុធតាមព្រំដែន ដែលផ្តើមឡើងដោយភាគីថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រាប់រយនាក់ ក៏បានផ្តើមសមរភូមិដែរ គឺចុះផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានប្រមាណជិត ៧ម៉ឺននាក់ លើគោលដៅចំនួន១១ ដោយមានរៀបចំម្ហូបពីរពេលជារៀងរាល់ថ្ងៃ។
បេសកកម្មប្រកបដោយស្មារតីមុះមុត មិនរុញរា ដើម្បីជាតិ និងប្រជាជនកម្ពុជានេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
បន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួន ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏បានបង្ហាញការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានប្រកាន់យកនូវភាពអត់ធ្មត់ ដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងសង្រ្គាមកាន់តែរីកធំឡើង។
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានគាំទ្រ និងបញ្ជាក់ថា ការបង្កើតបានកិច្ចព្រមព្រៀងសន្តិភាព ពិតជាមានតម្លៃជាសារវន្តសម្រាប់ពលរដ្ឋខ្មែរ និងជិតខាងដែលស្រឡាញ់សន្តិភាព ៕









