ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងកម្ពុជា បានឃើញថាសម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ហ្វុងវង់ (Fung-wong)T2526 និងជាមួយ ព្យុះទី២៥ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 មានទីតាំងនៅសមុទ្រចិនខាងត្បូង ដែលបានវិវត្តទៅជាព្យុះសង្ឃរា ធ្វើឱ្យមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រ អានដាមម៉ែន និងលើកម្ពុជា។ កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ កាលម៉េហ្គី និងហ្វូងវង់ ទទួលរងឥទ្ធិពលកម្រិត២០%។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
យោងលើការព្យាករណ៍នេះ ក្រសួង ក៏អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕



