រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែម ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដល់ប្រជា​កសិករ

សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ គូសបញ្ជាក់ថា នៅពេលអនាគត រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដល់ប្រជាកសិករ ដើម្បីចូលរួមលើកកម្ពស់ទិន្នផលកសិកម្ម និងការដឹកជញ្ជូនកសិផល សំដៅបង្កើនប្រាក់ចំណូលជូនប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើមកសិកម្ម ។

នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅកម្ពុជាប្រឡាយមួយចំនួនធំស្ថិតនៅជាប្រភេទប្រព័ន្ធធារាសាស្ត្រមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាត្រូវបានចែកជាពីរប្រភេទសំខាន់ៗ គឺប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ។

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅលើប្រព័ន្ធធារាសាស្ត្រមួយដែលមាន៖ ១/អាងទឹកដែលប្រភពទឹកមិនចេះរីងស្ងួត, ២/ប្រឡាយមេដែលនាំទឹកពីប្រភពទឹកទៅកាន់តំបន់ផ្សេងៗ, ៣/ប្រឡាយរង ដែលនាំទឹកបន្តពីប្រឡាយមេទៅ កាន់តំប ន់ ដែលត្រូវប្រើប្រាស់ទឹក(ដីកសិកម្ម) ប៉ុន្តែនៅឆ្ងាយពីប្រឡាយមេ និង ៤/ ប្រឡាយជើងក្អែប ដែលនឹងនាំទឹកចេញពីប្រឡាយរង ទៅកាន់ដីស្រែកសិកម្មតែម្ដង ។

ចំណែកឯប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធមួយដែលមានតែប្រឡាយ ប៉ុន្តែនៅឆ្ងាយពីប្រភពទឹក ឬមានតែប្រភពទឹក ប៉ុន្តែគ្មានប្រឡាយសម្រាប់នាំទឹកយកទៅប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ។