ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តជួយមនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាព មិនមើលងាយ និងលើកកម្ពស់ជនមានពិការភាពកម្ពុជា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងអស់មេត្តាបន្តថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ ដែលចេះគោរពប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយមនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាព មានឬក្រ មិនមានការមើលងាយ និងលើកកម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយកិរិយា មិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។ នេះបើតាមព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា «បងប្អូន កូនក្មួយមានពិការភាពរបស់យើង ពិតជាត្រូវការភាពកក់ក្តៅ ការស្រឡាញ់រាប់អាន និងការគិតគូរយកចិត្តទុកដាក់ ដែលប្រការទាំងនេះគឺជាកាតាលីករក្នុងការលើកទឹកចិត្តពួកគាត់ ឱ្យបានចូលរួមនិងអភិវឌ្ឍខ្លួនជាពលរដ្ឋល្អ ក្នុងសង្គមបច្ចុប្បន្នដែលកំពុងតែមានការរីកចម្រើនជាខ្លាំង»។

នៅក្នុងឱកាសនេះ ព្រះមហាក្សត្រ ផ្ដាំផ្ញើដល់ជនមានពិការភាពកម្ពុជា សូមបន្តកិច្ចខិតខំប្រឹងប្រែង់ ស្វាធ្យាយ អភិវឌ្ឍចំណេះជំនាញឱ្យទាន់ការវិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិនិងសកលលោក ដើម្បីអាចប្រកួតប្រជែងលើទីផ្សារការងារ និងមុខរបរ ព្រមទាំងបង្កើននូវប្រាក់ចំណូលរបស់ ក្រុមគ្រួសារដើម្បីឈានទៅសម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។

សូមជម្រាបថា ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣ ខែធ្នូ ដើម្បីរំឭកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៥ប៊ីលាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោកជាជនមានពិការភាព ដែលការរស់នៅតែងតែប្រឈម ជាមួយឧបសគ្គរារាំងនានា រួមមាន ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ១៩៥០ និងនៅបន្តមានខ្លះៗរហូតដល់បច្ចុប្បន្ន។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានប្រារព្ធទិវាជនមានពិការភាពចាប់តាំងពីឆ្នាំ១៩៩៨ និងបានកំណត់ឱ្យមានការចាត់តាំងរៀបចំទិវានេះ ដោយចែងនៅក្នុងមាត្រា៩នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ ជារៀងរាល់ឆ្នាំ កម្ពុជាមានមោទនភាព ដោយបានចូលរួមរៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះ ជាមួយប្រជាជាតិទូទាំងពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗនៃវិស័យពិការភាពដែលបង្ហាញអំពីឆន្ទៈដ៏មោះមុត និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ ក្នុងការអនុវត្តអនុសញ្ញអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងជនមានពិការភាព៕