ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ក្នុងខេត្តបាត់ដំបង ជូនអ្នក​សង្កេតការណ៍អាស៊ាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ កម្ពុជា (CLG) បានធ្វើការសម្របសម្រួល​ជូនដល់ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេ​ខា​ធិការ​ដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគី​ទាំងពីរបានអនុវត្តកា​រងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្ត​ការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន៕