នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម នាយឧត្ដមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar នាពេលនេះ ព្រមទាំងកោតសរសើរតួនាទីរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ក្នុងកិច្ចខិតខំសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានសហរដ្ឋអាមេរិកជាសហប្រធានរៀបចំ និងការចូលរួមយ៉ាងសកម្មពីប្រទេសចិនផងដែរ។
ឯកឧត្តម បានថ្លែងអំណរគុណជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅក្នុងការផ្ដួចផ្ដើមបង្កើតក្រុមសង្កេតការណ៍បណ្ដោះអាសន្នអាស៊ានភ្លាមៗ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់ និងសម្របសម្រួលលើបញ្ហាប្រឈមនានាជាច្រើនទៀត ធ្វើឲ្យសភាពការណ៍បានធូរស្រាឡើងវិញ។
ឯកឧត្តមអគ្គមេបញ្ជាការ គូសបញ្ជាក់ថា បន្ទាប់ពីមានបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច ភាគីកម្ពុជាតែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនបានបំពានម្តងណាឡើយ ប៉ុន្តែភាគីថៃ ជាពិសេសក្រុមយោធាថៃ នៅតែបន្តរំលោភបំពានជាបន្តបន្ទាប់មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយរាយបន្លាលួស និងចល័តកងទ័ពជាដើម។
លើបញ្ហាប្រឈមនេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរដល់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន និងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាសាក្សី ជួយសម្របសម្រួលនិងជំរុញឱ្យភាគីថៃអនុវត្តន៍ឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាព ដោយបានបញ្ជាក់ជំហរកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ការកសាងទំនុកចិត្ត ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធានាសន្តិភាព ប្រក្រតីភាពជាមួយគ្នាឡើងវិញ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលបានលះបង់ពេលវេលា និងខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមបេសកកម្មជាប្រវត្តិសាស្ត្រនេះ សំដៅធានាឲ្យបាននូវសុខសន្តិភាព នាំមកវិញនូវប្រក្រតីភាពតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាតំបន់អាស៊ាន។
ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្ដមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលបានសម្របសម្រួលបានល្អដល់ក្រុម (AOT) ទៅបំពេញការងារនៅតំបន់ព្រំដែនកន្លងមក។
ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានគូសបញ្ជាក់ថា ការធានាបានសន្តិភាពតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរដែលកំពុងកើតមាន គឺជាកិច្ចការដ៏លំបាក ប៉ុន្តែទោះយ៉ាងណាឯកឧត្តម ថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើការសម្របសម្រួល និងតាមដានការអនុវត្តបទឈប់បាញ់ ដើម្បីធានានូវស្ថិរភាពតាមបណ្ដោយព្រំដែនជានិរន្តរ៍៕






