នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក ដើម្បីសម្របសម្រួលលើតម្រូវការជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមកោតសរសើរដល់អាជ្ញាធរខេត្ត និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្ត និងឆ្លើយតបចំពោះស្ថានភាពបងប្អូនភៀសសឹកល្អប្រសើរ ដោយបានផ្តល់ស្បៀងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់ជាបន្តបន្ទាប់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារទង្វើឈ្លានពានពីយោធាថៃ ដែលនាំឱ្យស្ថានភាពនេះអូសបន្លាយនោះ រាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខជនភៀសសឹកដែលជាជាកត្តាសំខាន់ក្នុងការការពារសុខសុវត្ថិភាព និងអាយុជីវិតជនភៀសសឹកគ្រប់រូបតាមមណ្ឌលសុវត្ថិភាព។
ក្នុងគ្រាយោធាថៃនៅតែវាយប្រហារឥតឈប់ឈរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព ដើម្បីធានាថាសំណូមពរ និងបញ្ហាប្រឈមរបស់បងប្អូនត្រូវបានដោះស្រាយទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរម្លឹកដល់អាជ្ញាធរខេត្ត ត្រូវតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារៈប្រើប្រាស់ ទឹកស្អាត ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការ សម្រាប់ជួយទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ៕







