ដេីម្បីប្រយោជន៍ជាតិ​ ប្រជាជន​ គ្មានទេការសម្រាកគ្រប់គ្រាន់, ស្រ្តីទី១កម្ពុជា បន្តសួរសុខទុក្ខវីរកងទ័ពនៅតាមមន្ទីរពេទ្យ

នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ជាមួយនឹងការពាំនាំនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតីជូនវីរកងទ័ពដោយផ្ទាល់។

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ។ 

តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន៕