កូនខ្មែរចងចាំ! «ប្រាសាទព្រះវិហារ» ជាប្រាសាទដ៏វិសេសវិសាលមួយមិនធម្មតា និងដ៏ល្អឥតខ្ចោះនាសតវត្សទី១០ និងទី១១ ដែលត្រូវយោធាថៃបំផ្លាញខ្ទេចខ្ទីនៅសតវត្សទី២១

ប្រាសាទ​ព្រះវិហារ ក៏​ដូច​ជា​ប្រាសាទ​ដ៏​ទៃ​ទៀត​ដ៏​ច្រើន​លើសលប់​នៃ​អាណាចក្រ​ខ្មែរ គឺ​ជា​រូប​បំព្រួញ​នៃ​ភាព​រុងរឿង​របស់​សង្គម​ខ្មែរ​បុរាណ និង​ជា​និមិត្តរូប​នៃ​ភាព​កំពូល​របស់​អារ្យធម៌​ខ្មែរ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ជនជាតិ​ខ្មែរ​ដែល​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​សម័យ​នោះ ដើម្បី​កសាង​នូវ​ប្រាសាទ​ដ៏ល្អ​ឥតខ្ចោះ សម្រាប់​ឧទ្ទិស​ដល់​អាទិទេព គឺ​ព្រះសិវៈ។

យោងតាមសៀវភៅ ប្រាសាទ​ព្រះវិហារ ចងក្រងដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅឆ្នាំ២០០៩ បានសរសេររៀបរាប់ថា អារ្យធម៌ខ្មែរបានឈានដល់កម្រិតកំពូលចាប់ពីសតវត្សរ៍ទី ១១ ដល់សតវត្សរ៍ទី ១៣ ។ នៅពេលនោះ ព្រះមហាក្សត្រខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើន ដើម្បីឧទ្ទិសដល់ព្រះអាទិទេព ឬ បុព្វការីជនរបស់ព្រះ អង្គ និង ដើម្បីធានាឱ្យបាននូវវិបុលភាព និង ឯកភាពជាតិខ្មែរ ។ ប្រាសាទ ព្រះវិហារ ត្រូវបានកសាងឡើងនៅលើកំពូលភ្នំដងរែកដ៏ខ្ពស់ស្កឹមស្កៃ ដែលស្ថិតនៅក្នុងខេត្ត ព្រះវិហារ ប្រមាណជា ៤០០ គីឡូម៉ែត្រ ខាងជើងរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រ នៅទិសឦសាននៃបុរីអង្គរ នៅជាប់នឹងព្រំប្រទល់ជាមួយព្រះរាជាណាចក្រថៃឡង់ ។

ប្រាសាទ ព្រះវិហារ មិនមែនអាចសង់ហើយ ក្នុងរយៈពេលតែមួយថ្ងៃទេ ។ ប្រាសាទនេះត្រូវបានសាង សង់ឡើងដំបូង បន្ទាប់មកត្រូវបានសង់បន្ថែមហើយបន្ថែមទៀត ដោយព្រះមហាក្សត្រខ្មែរជាច្រើនអង្គ សម្រាប់ ជាទីបូជនីយដ្ឋានរបស់ប្រជាជនខ្មែរ ។ ប្រាសាទ ព្រះវិហារ ត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី ៩ នៅក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី២ (គ.ស.៨០២– គ. ស. ៨៥០) នៅពេលដែលបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ បានយកសិវលិង្គ ស្រីសិខពិសួរពី សិង្ហបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ។ ព្រះបាទ យសោវរ្ម័នទី១ (៨៨៩-៩១០) បានសាងសង់បន្ត ដោយបានប្រើប្រាស់នូវគ្រឿងសំណង់ស្រាលៗ ដូចជាការសង់នូវប្រាង្គប្រាសាទ ស្រី សិខរិស្វរ ។

នៅគ. ស. ១០០២ ព្រះបាទ សូរ្យវរ្ម័នទី១ បានទទួលរាជាភិសេកជា ចក្រវាទិន ។ នៅឆ្នាំ ១០១៨ ដើម្បីពង្រឹងអាណាចក្រខ្មែរ ព្រះអង្គបានឧទ្ទិសព្រះសិវលិង្គដែលមានព្រះនាមថា សូរ្យវរ្ម័នស្ងរ ។ ព្រះសិវលិង្គ មួយអង្គដាក់នៅប្រាសាទព្រះវិហារ ព្រះសិវលិង្គទីពីរដាក់នៅ ឥសន្តធិត នៅម្ដុំទន្លេមេគង្គ និង ព្រះសិវលិង្គ ទី ៣ ដម្កល់នៅលើភ្នំ សូរ្យឌ គឺ ភ្នំជីសូរ ។ ដូច្នេះ ប្រាង្គប្រាសាទធំជាងគេរបស់ព្រះបាទ សូរ្យវរ្ម័នទី ១ មិនមែនស្ថិតនៅអង្គរទេ តែនៅលើភ្នំដងរែក គឺប្រាសាទព្រះវិហារ ។ ព្រះអង្គបានឧទ្ទិសប្រាសាទ ព្រះវិហារ ដល់ព្រះអាទិទេពភ្នំ គឺ សិខរីស្វរ និង ភស្វរ ដែលព្រះអង្គយកមកពី វត្តភូ ដើម្បីអភិសេកទទួលអានុភាព ជេស្តានៃ លិង្គសិវត ។

មុនរជ្ជកាលនៃព្រះបាទ សូរ្យវរ្ម័នទី ២ ប្រាសាទព្រះវិហារ ត្រូវបានជួសជុល កែលម្អថែមទៀត ដោយគោរពនូវវិធាននៃការសាងសង់ប្រាសាទបុរាណខ្មែរ ។

ការសាងសង់ប្រាសាទ ព្រះវិហារ ត្រូវបានបញ្ចប់នៅក្នុងរជ្ជកាលនៃព្រះបាទ សូរ្យវរ្ម័នទី ២ (១១១២ – ១១៥២) ដែលជាព្រះមហាវិរៈក្សត្រដែលសាងសង់ប្រាសាទ អង្គរវត្ត ។ ប្រាសាទ ព្រះវិហារ មិនមែនត្រឹមតែ ជាប្រាសាទដ៏វិសេសវិសាលទេ តែជាប្រាសាទមួយមិនធម្មតា ខុសពីប្រាសាទផ្សេងៗទៀតរបស់ខ្មែរដែលសាង សង់បែមុខទៅទិសខាងកើត ។ ចំណែកប្រាសាទ ព្រះវិហារ វិញត្រូវបានសាងសង់បែមុខទៅទិសខាងជើង ។

ប្រាសាទ ព្រះវិហារ គឺជាសមិទ្ធផលឯកគ្មានពីរ ជាស្ថាបត្យកម្មដ៍ឆ្នើម មានចម្លាក់ និងក្បូរក្បាច់រចនា ដ៍រស់រវើក និងស្រស់ឆើតឆាយ តាមរចនាបថផ្សេងៗនៃសតវត្សទី ១០ និងទី១១ ដែលបង្ហាញពីទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងបរិស្ថាន ធម្មជាតិ មនុស្ស និង វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកនេះ ។ បើមើលពីចំហៀង ឬ បើមើលពីក្រោម យើងឃើញប្រាសាទព្រះវិហារ អណ្តែតលើឰដ៏វេហា ដែលរឹតតែញ៉ាំងឱ្យប្រាសាទ ព្រះវិហារ នេះកាន់តែមានភាពស័ក្ដិសិទ្ធិថែមទៀត ។ ប្រាសាទនេះ សាងសង់ជាដំណាក់ៗ ហើយប្រសិនបើ ទេសចរដើរឡើងពីដំណាក់មួយទៅ ដំណាក់មួយទៀត គេនឹងមានអារម្មណ៍ថា កំពុងដើរឆ្លងពីភពមនុស្សលោក ទៅកាន់ភពក្សត្រ និង ទីបំផុតទៅកាន់ លំនៅដ្ឋានរបស់អាទិទេព គឺ ព្រះសិវៈ តែម្តង ។ ដូច្នេះហើយ ដោយសារតម្លៃជាសកលនេះ ទើបប្រាសាទ ព្រះវិហារ ត្រូវបានអង្គការ យូណេស្ត បានចុះទៅក្នុងបញ្ជី បេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០០៨ ។

សៀភៅ ប្រាសាទព្រះវិហារ នេះចែកចេញជាបីជំពូក។ ជំពូកទី១ បរិយាយអំពី ប្រវត្តិសាស្ត វប្បធម៌ និង អរិយធម៌ខ្មែរ ។ ប្រាសាទព្រះវិហារត្រូវបានសាងសង់ឡើង ដោយមហាក្សត្រជាច្រើនអង្គ និង សាងសង់ឡើងតាមរចនាបថខុសៗគ្នា ដែលឆ្លុះបញ្ចាំងពីដំណាក់កាលសាងសង់ផ្សេងៗគ្នា ។ ដូច្នេះ ដើម្បីយល់ឱ្យបានច្បាស់ពីប្រាសាទព្រះវិហារ អ្នកអាន ត្រូវស្គាល់ប្រវត្តិសាស្ត្រខ្មែរ រចនាបថនៃសិល្បៈខ្មែរ ហើយ ជាពិសេសការវិវត្តនៃប្រាសាទខ្មែរឱ្យបានច្បាស់សិន ។

ជំពូកទី២ និយាយអំពី ទីតាំងភូមិសាស្ត្រ សាសនា និង ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារ ។ ជំពូកនេះ យើងផ្តោតទៅលើកត្តាទីតាំងភូមិសាស្ត្រ កត្តាសាសនា និងការចូលរួមវិភាគទានរបស់ ព្រះមហាក្សត្រ និងព្រះរាជគ្រូរបស់ព្រះមហាក្សត្រ ក្នុងការសាងសង់ប្រាសាទព្រះវិហារ ។

ជំពូកទី៣ ពិពណ៌នាពីប្រាសាទព្រះវិហារ ។ ជំពូកទីបីគឺ «មគ្គុទ្ទេសក៏ដើម្បីទសនា ប្រាសាទព្រះវិហារ» តែម្តង៕

ស្នាដៃនេះអាចទាញយក​ពី​សាលា​ឌីជីថល៖ ​https://sala.moeys.gov.kh/kh/library/00001509