ទោះបីស្ថានការណ៍ព្រំដែន មានភាពស្ងប់ស្ងាត់បន្ទាប់ពីភាគីកម្ពុជា-ថៃ បាននិងកំពុងបន្តអនុវត្តបទឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូមក ប៉ុន្តែពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់ក្រហម ដូចជានៅចំនុចភូមិជោគជ័យព្រៃចាន់ និងបឹងត្រកួន នៅតែមិនទាន់អាចកាន់លំនៅឋានវិញបានដោយសារយោធាថៃចូលកាន់កាប់ដោយខុសច្បាប់ ថែមទាំងដាក់ទូរកុងតឺន័រ និងលួសបន្លាបិទផ្លូវមិនឱ្យអ្នកភូមិចូលទៀតផង។
ក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរបានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យមានភាពស្ងប់ស្ងាត់ គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ។ ទន្ទឹមនឹងនេះ ពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរមានសមត្ថកិច្ចក៏កំពុងចាត់ចែងការងារអាទិភាពជាច្រើន។
បើតាមក្រសួងមហាផ្ទៃ មានជនភៀសសឹក១២.៤១៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋាន វិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន២៦៧.៦៧៤នាក់ ក្នុងនោះស្តី ១៤១.០៦៩នាក់ និងកុមារ៩០.៦៧០នាក់ បន្តស្នាក់នៅជំរុំ។
ដោយឡែក សេវាសាធារណៈជាមូលដ្ឋានដូចជា៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១០៧ មន្ទីរពេទ្យ/មណ្ឌល សុខភាព១០ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក១ ឃុំ-សង្កាត់៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ បន្តបិទផ្អាក។ ដូចគ្នានេះ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក។
បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៣២៣ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ សណ្ឋាគារ៥ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៣គ្រឿង ម៉ូតូ៥គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មណ្ឌលសុខភាព៧ សំណង់អគារ៣៩ វត្តអារាម៦ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៤ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។ ជាការកត់សម្គាល់ នៅខេត្តពោធិ៍សាត់ កម្លាំងយោធាថៃបានចូលកាត់សោ គាស់ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសង្គមថ្មី រួចប្រមូលសម្ភារៈមានតម្លៃពីផ្ទះចំនួន៨ខ្នង ម៉ូតូ៤គ្រឿង និងរម៉កដឹកសំរាមរបស់ភូមិ២គ្រឿង។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា អាជ្ញាធរបាននិងកំពុងបន្តកិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹកដូចជានៅខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នជូន ពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន និងផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្តបាត់ដំបង អាជ្ញាធរ ជួយជួសជុលផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅស្រុកភ្នំព្រឹក និង២៧ខ្នងទៀតនៅស្រុកសំពៅលូន ព្រមទាំងបានកំពុងសហការ ជាមួយក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមភូមិករប្រជាពលរដ្ឋ។ ខេត្តពោធិ៍សាត់ មន្ត្រីបានចុះ ពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី។ ខេត្តកោះកុង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានកំពុងចុះពិនិត្យ និងផ្ដល់ជំនួយគាំទ បន្ថែមជូនពលរដ្ឋភៀសសឹកជួបការលំបាក ក្រោយវិលមកលំនៅឋានវិញ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានកំពុងបន្តយកចិត្តទុកដាក់ធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈដែលបានបិទផ្អាក
ខិតខំបង្កលក្ខណៈជូនជនភៀសសឹកវិលទៅលំនៅឋានដោយសុវត្ថិភាព ដោះស្រាយ បញ្ហាផ្ទះសំបែង និងភូមិករពលរដ្ឋរងការខូចខាត សហការគាំទ្របេសកកម្មបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំង យកចិត្តទុកដាក់អនុវត្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដូន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងដែលរាជរដ្ឋាភិបាលបានកំពុងតវ៉ាយ៉ាង ខ្លាំងក្លាបំផុត តាមយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដោយសន្តិវិធី តាមផ្លូវច្បាប់ និងការទូត ប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមមានការឈរជើង និងកាន់កាប់ដោយខុសច្បាប់ ជាពិសេសប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ តាមគោលដៅមួយចំនួននៃខេត្ត៤របស់កម្ពុជា រួមមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ អំពាវនាវជនរួមជាតិ បង្កើនការគាំទ្រខាងទស្សនៈ ស្មារតី គោលជំហរ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងទាមទារឱ្យភាគីថៃ (១)បញ្ឈប់ជាបន្ទាន់នូវ រាល់សកម្មភាពយោធាប្រកបដោយអរិយភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា (២)ដកបុគ្គលិកនិងសម្ភារយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ (៣)គោរពអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខ័ណ្ឌសីមា ព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិ និង(៤)គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌនិងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួម ស្ដីពីសន្តិភាព និង ការដោះស្រាយជម្លោះដោយសន្តិវិធី រវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕





