ក្រុមការងារក្រសួងបរិស្ថាន និងក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ បានធ្វើការអន្តរាគមន៍ ទប់ស្កាត់ការបំពុលបរិស្ថានជុំវិញឧឧប្បទ្ទហេតុទូរថភ្លើងធ្លាក់ផ្លូវ នៅភូមិច្រែស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ កំពុងឈានទៅដល់បញ្ចប់ប្រតិបត្តិការសម្អាតទីតាំងទទួលរងផលប៉ះពាល់និងការស្តារបរិស្ថានឡើងវិញ ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបានសហការជាមួយក្រុមហ៊ុន ធ្វើការសម្អាតសំណល់ប្រេង និងស្តារបរិស្ថាននៅទីតាំងទទួលរងផលប៉ះពាល់ ដោយបានកៀរ និងបូមយកសំណល់ប្រេង យកទៅរក្សាទុកដាក់បណ្តោះអាសន្ន នៅស្ថានីយពោធិ៍សាត់ ដើម្បីធ្វើប្រព្រឹត្តកម្មតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ។ ក្រុមការងារបានកំពុងបន្តការតាមដានត្រួតពិនិត្យសំណល់ប្រេងដែលអាចមាននៅសេសសល់បន្តិចបន្តួចក្នុងដីបាតរណ្តៅជាប់នឹងដីចំណីផ្លូវរថភ្លើង។ លោកថា ក្រុមការងារក៏បានកំពុងពិនិត្យលើការដាំរុក្ខជាតិដែលសមស្របទៅតាមស្ថានភាពអេកូឡូសុីនៃទីតាំងទទួលរងផលប៉ះពាល់ដើម្បីធ្វើឱ្យតំបន់មានភាពបៃតង ។
សូមបញ្ជាក់ថា រថភ្លើងដឹកប្រេងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ ទិសដៅពីកើតទៅលិច ចេញពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង បានក្រឡាប់ធ្លាក់ទូដឹកប្រេងម៉ាស៊ូត ត្រង់ចន្លោះគីឡូម៉ែតលេខ ២០៨-២០៩ ចម្ងាយប្រមាណ ៧០ ម៉ែត្រពីលំនៅដ្ឋានប្រជាជន ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ឧបទ្ទវហេតុនេះ បណ្តាលទដឹកប្រេងចំនួន ៤ ធ្លាក់ចេញពីរថភ្លើង ក្នុងនោះទូផ្ទុកប្រេងចំនួន ៣ ទទួលរងការខូចខាត និងបណ្តាលមានប្រេងហៀរចេញ ប្រមាណ ៣០០០០ លីត្រ។ ប្រេងដែលបានលេចជ្រៀបចេញពីទូរថភ្លើងទាំងនេះ ត្រូវបានប្រជាពលរដ្ឋបានដួសយកទៅប្រើប្រាស់មួយចំនួន និងនៅសល់ខ្លះតាមបណ្តោយ ដីចំណីផ្លូវរថភ្លើងទំហំប្រមាណ ៦០០០ ម៉ែត្រការ៉េ៕







