CMAC ដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ​

អង្គភាព CMAC បានដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)។

ឯកឧត្តមបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបានជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេស​និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំង ៩ខ្នង និងការបំពាក់សម្ភារបច្ចេកទេសតាមអគារនីមួយៗ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង។ សំណង់អគារទាំងអស់ និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ក្នុងឱកាសនេះ​ ឯកឧត្តមបញ្ជាក់ថា​កម្លាំងអង្គភាព CMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសំបែងវិញ​ ដោយបានពង្រាយកម្លាំងនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុង​ដល់ខេត្តព្រះវិហារ។ បើតាមឯកឧត្តម ហេង រតនា កម្លាំងអង្គភាព CMAC ប្រមាណជិត៨០កងអនុសេនាតូច ឬក្រុម​ត្រូវបានដាក់ពង្រាយដេីម្បីឆ្លេីយតបសំនូមពរដ៏ចាំបាច់និងបន្ទាន់បំផុតនេះ។

សូមជម្រាបថា គិតពីម៉ោង៦ល្ងាចថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹក៣៧.៤២៣នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មាន២០៤.៨៤៤នាក់ទៀត បន្តស្នាក់នៅជំរំ។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំពោះកិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក រួមមាន ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នជូន ពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន និងផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ចំណែកខេត្តបាត់ដំបង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងត្រៀមសហការជាមួយក្រុមការងារស៊ីម៉ាក់(CMAC) ដើម្បីបោសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្តពោធិ៍សាត់ មន្ត្រីបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី។ រីឯខេត្តកោះកុង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានកំពុងចុះពិនិត្យ និងផ្ដល់ជំនួយគាំទ្របន្ថែមជូនពលរដ្ឋភៀសសឹកជួបការលំបាក ក្រោយវិលមកលំនៅឋានវិញ៕