គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ពាក្យបណ្តឹងឲ្យយោធាថៃបញ្ឈប់ការរំលោភបំពាន បំផ្លាញលំនៅឋានស៊ីវិល និងទាមទារសំណង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ពាក្យបណ្តឹងទៅកាន់ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃឈ្លានពាន។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ ទាហានថៃបានគាស់ និងលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជាម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារ ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវការបណ្តេញចេញពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និងកាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយនៅក្នុងពាក្យបណ្តឹងនោះបានស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖

១. ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ ដែលបង្កឡើងដោយការរំលោភបំពាន និងការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ លើសិទ្ធិមានលំនៅឋានសមរម្យ និងសិទ្ធិជាម្ចាស់ កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។

២. ស្នើឱ្យមានការចូលរួមរវាងយន្តការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិល ត្រឡប់ចូលលំនៅឋានវិញ។

៣. ស្នើឱ្យប្រទេសថៃដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញ លំនៅឋានស៊ីវិល និងធានាការវិលត្រឡប់វិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។

៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹង និងរបាយការណ៍នានាថាជាករណីមួយនៃការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។

៥. ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានា ជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវយ៉ាងទទូចឱ្យរាល់យន្តការ និងសហគមន៍អន្តរជាតិចាត់វិធានការយ៉ាង ម៉ឺងម៉ាត់បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តី ថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា និងធានាឱ្យមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើ រំលោភបំពានទាំងឡាយ ដែលបង្កឡើងដោយកងកម្លាំងយោធាថៃ៕