ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត បានប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា លើគម្រោងចិញ្ចឹមស្វា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។

ពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ធ្វើឡើងក្រោមវត្តមានឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងមានចូលរួមពីសំណាក់តំណាងស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ, ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ, ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ដូចនេះគម្រោងវិនិយោគដ៏ធំនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ និយាយដោយឡែក និងនិយាយជារួម សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តមបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុន CRL នៅក្នុងទឹកដីខេត្តកំពង់ធំ គឺនឹងបន្តមានក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត នឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ទៀត ហើយខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានត្រៀមខ្លួនជាស្រេចក្នុងការបន្តស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។
ឯកឧត្តម វង្សី វិស្សុត បានស្នើដល់ក្រុមហ៊ុន CRL និងអំពាវនាវដល់កសិដ្ឋានផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វានៅកម្ពុជាទាំងអស់ ត្រូវដំណើរការប្រកបដោយតម្លាភាព និងអនុលោមតាមច្បាប់ឱ្យបានពេញលេញ ព្រោះការចិញ្ចឹមស្វាសម្រាប់ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ និងជីវសាស្ត្រដែលមានស្តង់ដាកម្រិតសកល ដែលចាំបាច់ត្រូវអនុវត្តដោយគោរពយ៉ាងតឹងរ៉ឹង តាមស្តង់ដាអន្តរជាតិ នៃសុខុមាលភាពសត្វ, ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ, ក្រមសីលធម៌វិទ្យាសាស្ត្រ, ការការពារបរិស្ថាន និងធនធានធម្មជាតិជាដើម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា៕



