ជប៉ុន ចិន កូរ៉េខាងត្បូង និងអាស៊ាន បង្កើនសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់

ជប៉ុន ចិន កូរ៉េខាងត្បូង និងប្រទេសអាស៊ានទាំង១០ បានព្រមព្រៀងគ្នាដើម្បីបង្កើនសុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់ ដោយដាក់ឱ្យដំណើរការនូវកន្លែងផ្តល់ប្រាក់កម្ចីថ្មីមួយ ក្នុងគោលបំណងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៦ ខែឧសភានេះ។ 

មេដឹកនាំហិរញ្ញវត្ថុនៃក្រុមអាស៊ានបូកបីបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំនៅទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យដើម្បីបង្កើតកន្លែងថ្មីក្រោមការរៀបចំការផ្លាស់ប្តូររូបិយប័ណ្ណរបស់ពួកគេដែលគេស្គាល់ថាជា Chiang Mai Initiative Multilateralization (CMIM) ។

CMIM ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-៩៨ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ដោយអនុញ្ញាតឱ្យសមាជិកអាច ផ្លាស់ប្តូររូបិយប័ណ្ណ។

កន្លែងផ្តល់ហិរញ្ញប្បទានរហ័សថ្មីនេះ នឹងអាចឱ្យសមាជិកអាចទទួលបានហិរញ្ញប្បទានសង្គ្រោះបន្ទាន់ដោយគ្មានលក្ខខណ្ឌក្នុងករណីមានវិបត្តិហិរញ្ញវត្ថុដែលកើតឡើងដោយសារការប៉ះទង្គិចភ្លាមៗ។

គូសបញ្ជាក់ថា ទុនបម្រុង CMIM បច្ចុប្បន្នមានចំនួន ២៤០ ពាន់លានដុល្លារជាទុនបំរុងរូបិយប័ណ្ណបរទេស ដោយប្រទេសជប៉ុន និងចិនបានរួមចំណែកចំនួន ៧៦.៨ ពាន់លានដុល្លារ កូរ៉េខាងត្បូង ៣៨.៤ ពាន់លានដុល្លារ និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន ១០ សរុបចំនួន ៤៨ ពាន់លានដុល្លារ៕

ដោយ៖ ចិន្តា ទីទិ