ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ដែលជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។
ឯកឧត្ដម បន្តថា សម្រាប់បងប្អូន កូនក្មួយដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមកុំបង្អង់យូរ! លោកអ្នកអាចទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ ដើម្បីទទួលបានព័ត៌មានលម្អិត និងជំនួយក្នុងការស្វែងរកការងារ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃផងដែរ។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន៕