ឯកឧត្តម វង្សី វិស្សុត៖ ស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក. បង្កើតឡើងក្នុងគោលដៅពង្រឹង និងថែរក្សាសន្តិភាពនៅកម្ពុជា

ការសម្រេចបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) នាពេលអនាគត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី គឺក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា បង្ការការវិល​ត្រឡប់មកវិញនូ​វអំពើសាហាវ​យង់គ្នង​និងប្រល័​យពូជសាសន៍ ។ នេះគឺជាគូសបញ្ជាក់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ​ស​ហប្រតិបត្តិការ​ជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុ​វត្តមុខងារសេសសល់នៃ អ.វ.ត.ក. នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានបន្តថា ស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ក៏មានគោលដៅជាកន្លែង ចែករំលែកបទពិសោធដែលទទួលបានដ៏លំបាករបស់កម្ពុជាទាក់ទងនឹងដំណោះ​ស្រាយក្រោយជម្លោះ ការកសាងសន្តិភាព និងយុត្តិធម៌អន្តរកាល​ទៅថ្នាក់តំបន់និងសកលលោកផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ស្ថាប័នកេរដំណែលនេះមានបេសកកម្ម៖ ១). គ្រប់គ្រង និងថែរក្សា​ទុកបណ្ណសារពាក់ព័ន្ធ​នឹង អ.វ.ត.ក. ២).ជំរុញការបណ្តុះបណ្តាល និងស្រាវជ្រាវលើសមិទ្ធផល បទពិសោធមានតម្លៃ និងយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ៣).ផ្សព្វផ្សាយអប់រំដល់យុវជនខ្មែរជំនាន់ក្រោយ និងសាធារណជនទូទៅ ដើម្បីទប់ស្កាត់អំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង ៤).បង្កើតភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បី​លើ​កក​ម្ពស់ការអប់រំ ការកសាងសន្តិភាព ការទប់ស្កាត់ឧក្រិដ្ឋកម្មអំពើប្រល័យពូជសាសន៍ និងយុត្តិធម៌អន្តរកាល។

ជាមួយគ្នានេះ ក្រោយពីកិច្ចពិភាក្សាយ៉ាងផុលផុស ឯកឧត្តម លោកជំទាវ ដែលជាសមាជិកអង្គប្រជុំ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតស្ថាប័នកេរដំណែលនេះ និងសន្យាផ្តល់ការគាំទ្ររបស់ខ្លួន ដើម្បីឱ្យក្លាយ​ជាទីតាំងសម្រាប់ផ្តល់ព័ត៌មាននិងស្រាវជ្រាវដ៏សំខាន់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់លើកកម្ពស់យុត្តិធម៌នៅក្នុងសន្តិភាព និងការទប់ស្កាត់ឧក្រិដ្ឋកម្មនិងអំពើឃោរឃៅនាពេលអនាគត​ក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងទាំងនៅកម្ពុជា នៅថ្នាក់តំបន់ និងនៅលើសកលលោកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិដល់ដំណើរការរបស់ អ.វ.ត.ក. និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធ សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន និងអង្គការអន្តរជាតិនានា ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើម និងគាំទ្រស្ថាប័នថ្មីនេះរបស់កម្ពុជា ជាមួយនឹងគំនិតនិងធនធានក្នុងភាពជាដៃគូសម្រាប់បង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក. សំដៅរួមចំណែកដល់ការទទួលខុសត្រូវរួមក្នុងតំបន់ និងសកលរបស់យើងសម្រាប់ការកសាងសន្តិភាព ការដោះស្រាយក្រោយជម្លោះ និងយុត្តិធម៌អន្តរកាល។

គួរបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដោយមានសមាសភាពចូលរួមសរុបចំនួនប្រមាណ៦០នាក់ ដែលរួមមាន មន្ត្រីជាន់ខ្ពស់រាជ​រដ្ឋាភិបាល​ ,អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតចំនួន ១៨នៅក្នុងនិងក្រៅប្រទេស, ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិ-អន្តរជាតិជាច្រើនផ្សេងទៀត៕