ការសម្រេចបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) នាពេលអនាគត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា បង្ការការវិលត្រឡប់មកវិញនូវអំពើសាហាវយង់គ្នងនិងប្រល័យពូជសាសន៍ ។ នេះគឺជាគូសបញ្ជាក់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានបន្តថា ស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ក៏មានគោលដៅជាកន្លែង ចែករំលែកបទពិសោធដែលទទួលបានដ៏លំបាករបស់កម្ពុជាទាក់ទងនឹងដំណោះស្រាយក្រោយជម្លោះ ការកសាងសន្តិភាព និងយុត្តិធម៌អន្តរកាលទៅថ្នាក់តំបន់និងសកលលោកផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ស្ថាប័នកេរដំណែលនេះមានបេសកកម្ម៖ ១). គ្រប់គ្រង និងថែរក្សាទុកបណ្ណសារពាក់ព័ន្ធនឹង អ.វ.ត.ក. ២).ជំរុញការបណ្តុះបណ្តាល និងស្រាវជ្រាវលើសមិទ្ធផល បទពិសោធមានតម្លៃ និងយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ៣).ផ្សព្វផ្សាយអប់រំដល់យុវជនខ្មែរជំនាន់ក្រោយ និងសាធារណជនទូទៅ ដើម្បីទប់ស្កាត់អំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង ៤).បង្កើតភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ការអប់រំ ការកសាងសន្តិភាព ការទប់ស្កាត់ឧក្រិដ្ឋកម្មអំពើប្រល័យពូជសាសន៍ និងយុត្តិធម៌អន្តរកាល។
ជាមួយគ្នានេះ ក្រោយពីកិច្ចពិភាក្សាយ៉ាងផុលផុស ឯកឧត្តម លោកជំទាវ ដែលជាសមាជិកអង្គប្រជុំ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតស្ថាប័នកេរដំណែលនេះ និងសន្យាផ្តល់ការគាំទ្ររបស់ខ្លួន ដើម្បីឱ្យក្លាយជាទីតាំងសម្រាប់ផ្តល់ព័ត៌មាននិងស្រាវជ្រាវដ៏សំខាន់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់លើកកម្ពស់យុត្តិធម៌នៅក្នុងសន្តិភាព និងការទប់ស្កាត់ឧក្រិដ្ឋកម្មនិងអំពើឃោរឃៅនាពេលអនាគតក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងទាំងនៅកម្ពុជា នៅថ្នាក់តំបន់ និងនៅលើសកលលោកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិដល់ដំណើរការរបស់ អ.វ.ត.ក. និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធ សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន និងអង្គការអន្តរជាតិនានា ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើម និងគាំទ្រស្ថាប័នថ្មីនេះរបស់កម្ពុជា ជាមួយនឹងគំនិតនិងធនធានក្នុងភាពជាដៃគូសម្រាប់បង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក. សំដៅរួមចំណែកដល់ការទទួលខុសត្រូវរួមក្នុងតំបន់ និងសកលរបស់យើងសម្រាប់ការកសាងសន្តិភាព ការដោះស្រាយក្រោយជម្លោះ និងយុត្តិធម៌អន្តរកាល។
គួរបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដោយមានសមាសភាពចូលរួមសរុបចំនួនប្រមាណ៦០នាក់ ដែលរួមមាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ,អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតចំនួន ១៨នៅក្នុងនិងក្រៅប្រទេស, ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិ-អន្តរជាតិជាច្រើនផ្សេងទៀត៕
