ស្រុកថៃកាន់ច្របូកច្របល់ហើយ ក្រោយផ្ទុះរឿង​អាស្រូវ​ព្រះសង្ឃថៃ ជាមួយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់

កាន់តែកក្រើកហើយរឿង​អាស្រូវ​ព្រះសង្ឃថៃ ជាមួយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់ មាន​ទំនាក់ទំនង​ក្នុង​ទម្រង់ជា​​ “ស្រី​កំណាន់” របស់​​​ព្រះ​សង្ឃ​ជាង​១០​​​អង្គ នៅ​វត្តផ្សេងៗ​គ្នា​ស្ទើរ​ទូទាំង​ប្រទេស។ 

កាសែតក្នុងស្រុកថៃផ្សាយថា ព្រះ​សង្ឃជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ជាមួយស្រ្តីភេទនេះ ខ្លះ​មាន​ឋានៈ​និង​តួនាទី​ជាន់​ខ្ពស់​ ដោយចាញ់ល្បិច​លួង​លោម​ស្នេហ៍​ដើម្បី​​ជំរិត​​យក​លុយ ហើយស្ត្រី​ឆបោក​នេះ​ទើប​ត្រូវ​បាន​ប៉ូលិសថៃ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​អង្គារ​ទី​១៥​កក្កដា​២០២៥ ជាមួយវត្ថុ​តាង​ជា​ច្រើន។

កាសែតក្នុងស្រុកថៃ ផ្សាយឲ្យដឹងថា រឿងអាស្រូវផ្លូវភេទបានបែកធ្លាយ បន្ទាប់ពីថ្នាក់ដឹកនាំសង្ឃជាន់ខ្ពស់មួយអង្គនៅវត្តទ្រីថូសៈថេតវរវីហានបានបាត់ខ្លួន រហូតកើតសង្ស័យ ហើយអាជ្ញាធរបានរកឃើញថាព្រះសង្ឃអង្គនោះមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យ៣៥ឆ្នាំដែលមានរហ័សនាមថា Golf។ 

នៅពេលចុះទៅឆែកឆេរផ្ទះស្ត្រីជាប់សង្ស័យនោះកាលពីដើមខែកក្កដានេះ ប៉ូលិសថៃប្រមូលបានរូបថត និងវីដេអូជាង៨ម៉ឺនសន្លឹកដែលខ្លះមានទម្រង់ជារូបអាសអាភាសផ្លូវភេទរបស់ព្រះសង្ឃជាន់ខ្ពស់នៅតាមវត្តល្បីៗរបស់ថៃ។ គឺទើបតែនៅថ្ងៃទី១៥ កក្កដានេះដែលប៉ូលិសអាចចាប់ខ្លួននាង Golf បាននៅក្នុងគេហដ្ឋានដ៏ប្រណិតមួយស្ថិតក្នុងខេត្តណងថាបុរី ភាគខាងជើងក្រុងបាងកក ពីបទឆបោក លាង និងលួចលុយ។

បើតាមប៉ូលិសថៃ Golf បានដៅទាក់គ្រប់ព្រះសង្ឃដែលមានឥទ្ធិពលខ្លាំងនៅទូទាំងប្រទេស នៅពេលចែចង់ស្នេហ៍បានទើបគំរាមជំរិតថា​នឹង​ផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងផ្លូវភេទរបស់សង្ឃទាំងនោះ។ ជាសរុប មានសង្ឃចំនួនប្រមាណ១៥អង្គ​បានជាប់អន្ទាក់ស្នេហ៍ឆបោក ក្នុងនោះ៩អង្គបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត៕