កាន់តែកក្រើកហើយរឿងអាស្រូវព្រះសង្ឃថៃ ជាមួយស្ត្រីថៃវ័យ៣៥ឆ្នាំម្នាក់ មានទំនាក់ទំនងក្នុងទម្រង់ជា “ស្រីកំណាន់” របស់ព្រះសង្ឃជាង១០អង្គ នៅវត្តផ្សេងៗគ្នាស្ទើរទូទាំងប្រទេស។

កាសែតក្នុងស្រុកថៃផ្សាយថា ព្រះសង្ឃជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយស្រ្តីភេទនេះ ខ្លះមានឋានៈនិងតួនាទីជាន់ខ្ពស់ ដោយចាញ់ល្បិចលួងលោមស្នេហ៍ដើម្បីជំរិតយកលុយ ហើយស្ត្រីឆបោកនេះទើបត្រូវបានប៉ូលិសថៃចាប់ខ្លួនបាននៅថ្ងៃទីអង្គារទី១៥កក្កដា២០២៥ ជាមួយវត្ថុតាងជាច្រើន។
កាសែតក្នុងស្រុកថៃ ផ្សាយឲ្យដឹងថា រឿងអាស្រូវផ្លូវភេទបានបែកធ្លាយ បន្ទាប់ពីថ្នាក់ដឹកនាំសង្ឃជាន់ខ្ពស់មួយអង្គនៅវត្តទ្រីថូសៈថេតវរវីហានបានបាត់ខ្លួន រហូតកើតសង្ស័យ ហើយអាជ្ញាធរបានរកឃើញថាព្រះសង្ឃអង្គនោះមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យ៣៥ឆ្នាំដែលមានរហ័សនាមថា Golf។
នៅពេលចុះទៅឆែកឆេរផ្ទះស្ត្រីជាប់សង្ស័យនោះកាលពីដើមខែកក្កដានេះ ប៉ូលិសថៃប្រមូលបានរូបថត និងវីដេអូជាង៨ម៉ឺនសន្លឹកដែលខ្លះមានទម្រង់ជារូបអាសអាភាសផ្លូវភេទរបស់ព្រះសង្ឃជាន់ខ្ពស់នៅតាមវត្តល្បីៗរបស់ថៃ។ គឺទើបតែនៅថ្ងៃទី១៥ កក្កដានេះដែលប៉ូលិសអាចចាប់ខ្លួននាង Golf បាននៅក្នុងគេហដ្ឋានដ៏ប្រណិតមួយស្ថិតក្នុងខេត្តណងថាបុរី ភាគខាងជើងក្រុងបាងកក ពីបទឆបោក លាង និងលួចលុយ។
បើតាមប៉ូលិសថៃ Golf បានដៅទាក់គ្រប់ព្រះសង្ឃដែលមានឥទ្ធិពលខ្លាំងនៅទូទាំងប្រទេស នៅពេលចែចង់ស្នេហ៍បានទើបគំរាមជំរិតថានឹងផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងផ្លូវភេទរបស់សង្ឃទាំងនោះ។ ជាសរុប មានសង្ឃចំនួនប្រមាណ១៥អង្គបានជាប់អន្ទាក់ស្នេហ៍ឆបោក ក្នុងនោះ៩អង្គបានលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត៕
