ចុមយក្ស! ទាហានមីយ៉ាន់ម៉ា ច្រឡំបាញ់ទាហានខ្លួនឯង ដោយយន្តហោះគ្មានមនុស្សបើក

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានទាហានមីយ៉ាន់ម៉ា ចំនួន ១៩នាក់ រួមទាំងមេបញ្ជាការម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីទហានមីយ៉ាន់ម៉ាខ្លួនឯង ច្រឡំធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក អំឡុងពេលប្រយុទ្ធជាមួយទាហាន Arakan Army (AA) នៅទីក្រុង Kyaukphyu រដ្ឋ Rakhine កាលពីថ្ងៃទី ១៣ខែកក្កដា។

យោងតាមការផ្សាយរបស់កាសែត Mizzima News ទាហានមីយ៉ាន់ម៉ាកំពុងធ្វើប្រតិបត្តិការនៅជិតភូមិ Gonechwain ប៉ុន្តែពួកគេត្រូវបានកំណត់អត្តសញ្ញាណខុសថាជាអ្នកប្រយុទ្ធរបស់ Arakan Army (AA) ហើយត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ទាហានគ្នាឯង។

តាមការចុះផ្សាយរបស់កាសែតមីយ៉ាន់ម៉ា ចំនួន​ទាហាន​ដែល​រង​របួស ឬ​ស្លាប់​អាច​នឹង​មាន​ច្រើន​ជាង​នេះ ដោយ​អាច​មាន​អ្នកស្លាប់ដល់​ទៅ ១០នាក់ឯណោះ​។ កំហុសនេះបង្ហាញពីភាពច្របូកច្របល់កាន់តែខ្លាំងឡើងនៅក្នុងជួរយោធា ខណៈដែលពួកគេប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពី AA ។

បើតាមកាសែតដដែល ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តែ​មាន​ភាព​តានតឹង ជា​ពិសេស​នៅ​ជុំវិញ​កង​វរ​សេនា​តូច​លេខ​៣២ ដែល​ក្រុម AA បន្ត​ការ​វាយ​ប្រហារ។ របបយោធាកំពុងពឹងផ្អែកលើកាំភ្លើងធំពីកងវរសេនាតូចនៅក្បែរនោះ ដើម្បីពន្យាការឈានទៅមុខរបស់ពួកឧទ្ទាម៕