ហ្វីលីពីន បានសម្រេចបិទការនាំចូលស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានប្រកាសថាលោកនឹងបញ្ជាឱ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវធ្លាក់ចុះក្នុងរដូវប្រមូលផល។
នាយកដ្ឋានកសិកម្មហ្វីលីពីន បានរាយការណ៍ថា ទីផ្សារអង្ករក្នុងស្រុកបានរងសម្ពាធធ្លាក់ចុះតម្លៃក្រោយពីអង្ករនាំចូលថោកជាងក្នុងស្រុក ដោយបង្ខំឱ្យឈ្មួញមួយចំនួនទិញស្រូវពីកសិករក្នុងតម្លៃត្រឹមតែ ៩-១០ ប៉េសូក្នុងមួយគីឡូក្រាម (៥០០-៧០០រៀលក្នុងមួយគីឡូក្រាម) ដែលនាំឲ្យកសិករហ្វីលីពីនបន្ទោសពីការហូរចូលនៃការនាំចូលថោកធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៤កន្លងទៅ ថៃបាននាំចេញអង្ករទៅកាន់ហ្វីលីពីន មានតម្លៃប្រមាណ ៣៣៣ លានដុល្លារអាម៉េរិក កើនឡើង ៥៨.៦៩% ពីទិន្ន័យឆ្នាំ២០២៣ ត្រឹមតែ ២១០.៤៥ លានដុល្លារ។ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៥ ពោលចាប់ពីខែមករា ដល់ខែមិថុនា ថៃបាននាំចេញអង្ករប្រហែល ១៤១,០០០ តោនទៅកាន់ប្រទេសហ្វីលីពីន ដែលស្មើនឹង ៣.៧៨% នៃការនាំចេញអង្ករសរុបរបស់ប្រទេសខ្លួន៕

