អង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែលជុំវិញការវាយលុកថ្មីនៅហ្គាហ្សា

ចក្រភពអង់គ្លេស បានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅ West Bank ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានថ្កោលទោសការកើនឡើងផ្នែកយោធាដ៏សាហាវនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២១ ខែឧសភានេះ។ 

យោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការថ្មីមួយកាលពីសប្តាហ៍មុន ហើយក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០ នាក់ក្នុងរយៈពេល ៨ ថ្ងៃកន្លងទៅ។

អ៊ីស្រាអែលក៏បានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីដើមខែមីនា ដែលជំរុញឱ្យអ្នកជំនាញអន្តរជាតិព្រមានពីគ្រោះទុរ្ភិក្ស បើទោះបីជារថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលនៅថ្ងៃច័ន្ទក៏ដោយ។

យោងតាមរដ្ឋមន្ត្រីការបរទេសលោក ដេវីដ ឡាមមី (David Lammy) បានឱ្យដឹងថា ការវាយលុកនេះគឺជា «ដំណាក់កាលថ្មីដ៏ខ្មៅងងឹតនៅក្នុងជម្លោះនេះ» ហើយបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចប់ការរារាំងជំនួយ និងថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បែហ្សែល ស្មូទ្រីច (Bezalel Smotrich) លើការសម្អាត និងការបំផ្លិចបំផ្លាញដែលអាចកើតមាននៃតំបន់ហ្គាហ្សា និងការផ្លាស់ទីលំនៅរបស់អ្នកស្រុកទៅកាន់ប្រទេសទីបី។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអ៊ែលថា «អាណត្តិរបស់អង់គ្លេសបានបញ្ចប់យ៉ាងពិតប្រាកដកាលពី ៧៧ ឆ្នាំមុន។ សម្ពាធខាងក្រៅនឹងមិនបង្វែរអ៊ីស្រាអែលចេញពីផ្លូវរបស់ខ្លួនក្នុងការការពារអត្ថិភាព និងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងសត្រូវដែលស្វែងរកការបំផ្លិចបំផ្លាញខ្លួនឡើយ៕

ដោយ៖ ចិន្តា ទីទិ