អ៊ីស្រាអែល វាយប្រហារលើប្រទេសយេម៉ែន សម្លាប់មនុស្ស ៣៥នាក់ របួសច្រើនជាង ១៣០នាក់

អ៊ីស្រាអែល ​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​មួយ​ជុំ​ទៀត​ក្នុង​ប្រទេស​យេម៉ែន​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ឧទ្ទាម Houthi បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​វាយ​ប្រហារ​ព្រលាន​យន្តហោះ​អ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ AP ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា។

ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយក្រុម​ឧទ្ទាម Houthi បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៥ នាក់ និង​របួស​ជាង ១៣០ នាក់​ផ្សេង​ទៀត។ ក្រុមអ្នករុករកកំពុងបន្តបេសកកម្មនៅតាមគំនរអគារបាក់បែក។ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ក្រុង​សាណា ជា​ទី​ដែល​ទីបញ្ជាការ​យោធា និង​ស្ថានីយ​ប្រេង​មួយ​ត្រូវ​បាន​វាយ​ប្រហារ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីនឹងស្វែងរកការដាក់ទណ្ឌកម្ម និងការផ្អាកពាណិជ្ជកម្មមួយផ្នែកប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប។ ចំណាត់ការនេះបន្ថែមទៅលើភាពឯកោជាសាកលដែលមិនធ្លាប់មានពីមុនមករបស់អ៊ីស្រាអែល ខណៈដែលប្រទេសនេះប្រឈមនឹងការធ្លាក់ចេញពីការវាយ ប្រហាររបស់ខ្លួនដែលផ្តោតលើមេដឹកនាំក្រុមហាម៉ាស់នៅក្នុងប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។

ស្ថាប័ន Al-Masirah ដែលជាបណ្តាញព័ត៌មានផ្កាយរណបដែលគ្រប់គ្រងដោយពួក Houthi បាននិយាយថា ការវាយប្រហារមួយលើប្រទេសយេម៉ែនបានវាយប្រហារអគារទីបញ្ជាការយោធានៅកណ្តាលទីក្រុង Sanaa ។ សេចក្តីរាយការណ៍ថា ផ្ទះនៅជិតនោះក៏រងការខូចខាតផងដែរ។

កន្លងមក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ពួក Houthis មកលើអ៊ីស្រាអែល។ ក្រុម Houthis ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ពួកគេកំពុងគាំទ្រក្រុមហាម៉ាស និងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ហើយកាលពីថ្ងៃអាទិត្យបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ដែលបំពានលើការការពារដែនអាកាសពហុស្រទាប់របស់អ៊ីស្រាអែល ហើយបានវាយ​ប្រហារទៅលើអាកាសយានដ្ឋានភាគខាងត្បូង។

អ៊ីស្រាអែល ​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ប្រជាជន​ប្រមាណ​ ១​លាន​នាក់​ជម្លៀស​ចេញពី​ទីក្រុង Gaza ជាទី​ដែល​ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​លើ​អគារ​ខ្ពស់ៗ និង​បង្កើន​ការ​វាយលុក​ថ្មី​មួយ​ក្នុង​គោលបំណង​ដណ្តើម​កាន់កាប់​ទីក្រុង​ប៉ាឡេស្ទីន​ធំជាងគេ ដែល​បាន​បំផ្លិចបំផ្លាញ​រួច​ហើយ​ពី​ការ​វាយឆ្មក់​មុន និង​ជួប​គ្រោះទុរ្ភិក្ស។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបង្កើនល្បឿននៃការវាយប្រហារតាមគោលដៅនៅជិតទីក្រុង Gaza ខណៈដែលខ្លួនត្រៀមសម្រាប់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងអ្វីដែលខ្លួនហៅថា ទីតាំងរឹងមាំចុងក្រោយរបស់ក្រុមហាម៉ាស។

គួរឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ត្រូវបានបញ្ជាឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទៅកាន់តំបន់សុវត្ថិភាពដែលបានកំណត់ ដែលជាកន្លែងមនុស្សរាប់សែននាក់បានរស់នៅក្នុងជំរុំតង់ដែលបាក់បែក និងជាកន្លែងដែលអ៊ីស្រាអែលវាយប្រហារជាប្រចាំនូវអ្វីដែលខ្លួននិយាយថា ជាគោលដៅសកម្មប្រយុទ្ធ។ មនុស្ស​ជា​ច្រើន​បាន​បដិសេធ​មិន​ចាក​ចេញ​ពី​ទីក្រុង Gaza ដោយ​និយាយ​ថា ​ពួកគេ​លែង​មាន​កម្លាំង ឬ​លុយ​ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​នោះ​ទៀត​ហើយ៕