ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាម នៅក្បែរតំបន់មជ្ឈមណ្ឌលឆបោកមួយក្នុងរដ្ឋ Karen ជំរុញឲ្យកងទ័ពរបស់ថៃ បានប្រកាសត្រៀមខ្លួនចាត់វិធានការការពារតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។
កាសែតថៃ Bangkok Post នាថ្ងៃទី២៤ ខែវិច្ឆិកានេះនេះបានចុះផ្សាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា មានចម្ងាយតែមួយគីឡូម៉ែត្រប៉ុណ្ណោះពីទឹកដីថៃ ការណ៍នេះបានបង្កើនជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងស្រុក Mae Sot នៃខេត្ត Tak ដែលជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។
តាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុកមីយ៉ាន់ម៉ា បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅទីតាំងជុំវិញភូមិ Min La Pan ក្នុងទីក្រុង Myawaddy ទល់មុខភូមិ Ban Mae Kon Ken ក្នុងស្រុក Mae Sot។ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានោះ កងកម្លាំងមីយ៉ាន់ម៉ា បានបើកការវាយលុកដ៏ធំមួយប្រឆាំងនឹងក្រុមឧទ្ទាម។ ភ្លាមៗ កងទ័ពថៃបានប្រកាសប្រុងជើងការខ្ពស់ដើម្បីការពារតាមព្រំដែនរបស់ខ្លួន៕



