មិនបន្តឈប់ឈរ! រុស្សុី បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនសរុប ២២១គ្រឿង

កងកម្លាំងរបស់រុស្សុី បានបាញ់ទម្លាក់យន្តហោះដ្រូនសរុបចំនួន ២២១គ្រឿង របស់អ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ ខណៈប្រទេសទាំងពីរ នៅតែបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមមួយ ដែលបានអូសបានជាង៣ឆ្នាំមកហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃសុក្រ ទី១២ ខែកញ្ញា បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្សុី បានបាញ់ស្ទាក់និងកម្ទេចយន្តហោះដ្រូនទាំងនោះ ដែលជាងពាក់កណ្តាល បានហោះនៅលើតំបន់ Bryansk និង Smolensk។ រីឯអាជ្ញាធរតំបន់ Leningrad របស់រុស្ស៉ី បាននិយាយថា អំឡុងការវាយប្រហារពីដ្រូនរបស់អ៊ុយក្រែន អគ្គិភ័យមួយកន្លែងបានកើតឡើង នៅកំពង់ផែ Primorsk។

ការវាយប្រហារខាងលើរបស់អ៊ុយក្រែន គឺបន្ទាប់ពីប៉ូឡូញដែលស្ថិតនៅជាប់អ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ីថា ចល័តដ្រូនបំពានចូលទឹកដីរបស់ខ្លួន អំឡុងការវាយប្រហារតាមផ្លូវអាកាសលើភាគខាងលិចអ៊ុយក្រែន ក្នុងសប្តាហ៍នេះ។ ទីក្រុងមូស្គូ បានបដិសេធថា ខ្លួនមិនបានកំណត់គោលដៅលើប៉ូឡូញឡើយ។ ទោះបែបនេះក្តី បារាំងនិងអាល្លឺម៉ង់ បានចាត់វិធានការជួយ ពង្រឹងការការពារដែនអាកាសរបស់ប៉ូឡូញ ហើយក្រុមប្រឹក្សាសន្តិសុខ UN បានកោះប្រជុំបន្ទាន់ ដើម្បីពិភាក្សាលើរឿងនេះ៕