រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព រក្សាស្ថិរភាព និងសន្តិសុខសម្រាប់តំបន់ក៏ដូចជាពិភពលោក ទាំងមូល។ 

ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងផ្តល់ផលប្រយោជន៍សំខាន់ៗឲ្យកម្ពុជា ដូចជាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់ អាស៊ី-អាគ្នេយ៍ឱ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកទី១១នៃអាស៊ាន និង ការចូលរួមចំណែករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងអាវុធ ប្រល័យលោកដទៃទៀត។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មាន៣មាត្រា។ ក្រោយពីបានពិភាក្សាតាមនីតិវិធី រួចរាល់ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទាំងមូលជាឯកច្ឆន្ទ៕