ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធានាការគាំទ្ររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទចំពោះសំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមអស់ពេលជិត ២ឆ្នាំនៅតំបន់ហ្គាហ្សា ប៉ុន្តែសំណួរបានកើតឡើងផងដែរថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu លោក Trump បានព្រមានក្រុមអ៊ីស្លាមហាម៉ាសថា អ៊ីស្រាអែលនឹងមានការគាំទ្រពេញលេញពីសហរដ្ឋអាមេរិកក្នុងការចាត់វិធានការណាដែលវាចាត់ទុកថាចាំបាច់ប្រសិនបើពួកសកម្មប្រយុទ្ធបដិសេធអ្វីដែលលោកបានផ្តល់ឲ្យ។
សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំឃាំង, សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង, ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា, ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងរដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស្ថាប័នអន្តរជាតិមួយ។
លោក Trump បានថ្លែងអំណរគុណដល់លោក Netanyahu សម្រាប់ការយល់ព្រមចំពោះផែនការនេះ និងសម្រាប់ការជឿទុកចិត្តថា «ប្រសិនបើយើងធ្វើការជាមួយគ្នា យើងអាចបញ្ចប់ការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលយើងបានឃើញអស់រយៈពេលជាច្រើនឆ្នាំ រាប់ទសវត្សរ៍ និងរាប់សតវត្សមកហើយ»។
នៅក្នុងអំឡុងឈរសន្និសីទសារព័ត៌មានក្បែរលោក Trump លោក Netanyahu បានឆ្លើយតបថា «ខ្ញុំគាំទ្រផែនការរបស់អ្នកក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ដែលសម្រេចបាននូវគោលដៅសង្រ្គាមរបស់យើង»។
លោកបាននិយាយថា «វានឹងនាំយកចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅអ៊ីស្រាអែលវិញ កែសម្រួលសមត្ថភាពយោធារបស់ក្រុមហាម៉ាស បញ្ចប់ការគ្រប់គ្រងនយោបាយរបស់ខ្លួន និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ»។
អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់ដែលបានបង្កសង្រ្គាមជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល នៅតែចាប់ចំណាប់ខ្មាំង ៤៨ នាក់ ក្នុងចំណោមពួកគេ ២០ នាក់នៅរស់។ មន្ត្រីហាម៉ាស់ម្នាក់បានប្រាប់ Reuters ថា៖ ក្រុមហាម៉ាសមិនទាន់បានទទួលផែនការនេះជាផ្លូវការនៅឡើយទេ៕
