Trump ធានាសំណើររបស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមតំបន់ហ្គាហ្សា ជាមួយក្រុមហាម៉ាស

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធានាការគាំទ្ររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទចំពោះសំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមអស់ពេលជិត ២ឆ្នាំនៅតំបន់ហ្គាហ្សា ប៉ុន្តែសំណួរបានកើតឡើងផងដែរថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu លោក Trump បាន​ព្រមាន​ក្រុម​អ៊ីស្លាម​ហាម៉ាស​ថា អ៊ីស្រាអែល​នឹង​មាន​ការ​គាំទ្រ​ពេញ​លេញ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចាត់​វិធានការ​ណា​ដែល​វា​ចាត់​ទុក​ថា​ចាំ​បាច់​ប្រសិន​បើ​ពួក​សកម្មប្រយុទ្ធ​បដិសេធ​អ្វី​ដែល​លោក​បាន​ផ្តល់ឲ្យ។

សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំឃាំង, សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង, ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា, ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងរដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស្ថាប័នអន្តរជាតិមួយ។

លោក Trump បានថ្លែងអំណរគុណដល់លោក Netanyahu សម្រាប់ការយល់ព្រមចំពោះផែនការនេះ និងសម្រាប់ការជឿទុកចិត្តថា «ប្រសិនបើយើងធ្វើការជាមួយគ្នា យើងអាចបញ្ចប់ការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលយើងបានឃើញអស់រយៈពេលជាច្រើនឆ្នាំ រាប់ទសវត្សរ៍ និងរាប់សតវត្សមកហើយ»។

នៅក្នុងអំឡុងឈរសន្និសីទសារព័ត៌មានក្បែរលោក Trump លោក Netanyahu បានឆ្លើយតបថា «ខ្ញុំគាំទ្រផែនការរបស់អ្នកក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ដែលសម្រេចបាននូវគោលដៅសង្រ្គាមរបស់យើង»។

លោកបាននិយាយថា «វានឹងនាំយកចំណាប់ខ្មាំងរបស់យើងទាំងអស់ត្រឡប់ទៅអ៊ីស្រាអែលវិញ កែសម្រួលសមត្ថភាពយោធារបស់ក្រុមហាម៉ាស បញ្ចប់ការគ្រប់គ្រងនយោបាយរបស់ខ្លួន និងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ»។

អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់ដែលបានបង្កសង្រ្គាមជាមួយនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល នៅតែចាប់ចំណាប់ខ្មាំង ៤៨ នាក់ ក្នុងចំណោមពួកគេ ២០ នាក់នៅរស់។ មន្ត្រី​ហាម៉ាស់​ម្នាក់​បាន​ប្រាប់​ Reuters ថា​៖ ក្រុម​ហាម៉ាស​មិន​ទាន់​បាន​ទទួល​ផែនការ​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​៕