នាយករដ្ឋមន្ត្រីថៃ ទទួលស្គាល់ការរំលោភចូលទៅដីកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់

នាយករដ្ឋមន្ត្រីថៃ បានគូសបញ្ជាក់ថា នៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា មានការរំលោភចូលមកដីថៃ ហើយក៏មានការរំលោភរបស់ថៃចូលទៅដីកម្ពុជាដែរ។ លោកថា បញ្ហានេះ ត្រូវតែមានការគ្រប់គ្រង ដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។

ក្នុងអំឡុងពេលផ្តល់បទសម្ភាសមួយពាក់ព័ន្ធទៅនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ដោយដកស្រង់ចេញផ្សាយរបស់កាសែតថៃ Khaosod English លោក អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃបានប្រាប់សារព័ត៌មានថៃថា ការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នានេះ បច្ចុប្បន្នកំពុងផ្តោតលើតំបន់ បានណងចាន់ និងបានណងយ៉ាកែវ នៃខេត្តស្រះកែវ។ មានផ្នែកខ្លះរបស់កម្ពុជា ដែលរំលោភចូលមកខាងថៃ ហើយក៏មានផ្នែកខ្លះរបស់ថៃ ដែលរំលោភចូលទៅខាងកម្ពុជាផងដែរ។ 

លោក អនុទីន បាននិយាយសង្កត់ធ្ងន់ថា ប្រសិនបើយើងចង់មានយុត្តិធម៌ យើងត្រូវតែមានយុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ហើយក្នុងករណីមានការព្រមព្រៀងគ្នា ប្រសិនបើប្រជាជនរបស់យើងបានរំលោភ យើងត្រូវតែប្រគល់ឲ្យគេវិញ ហើយរដ្ឋាភិបាលថៃត្រូវតែរកកន្លែងស្នាក់នៅថ្មី សម្រាប់អ្នកដែលបានរំលោភលើដីកម្ពុជា។

លោកនាយករដ្ឋមន្រ្តីបានបន្តថា ការអនុវត្តដូចគ្នានេះ ក៏ត្រូវធ្វើឡើងចំពោះភាគីកម្ពុជា ដែលបានរំលោភលើដីថៃ។ ប្រសិនបើកិច្ចការនេះ អាចធ្វើបាន ការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសថៃនឹងត្រូវបានកាត់បន្ថយ។ ហើយនៅពេលនោះ ទើបថៃអាចចាប់ផ្តើមស្តារទំនាក់ទំនងការទូតឡើងវិញបាន ដែលបច្ចុប្បន្ននេះ ថៃមានទំនាក់ទំនងត្រឹមកម្រិតលេខាធិការទីពីរប៉ុណ្ណោះ ដោយបានកោះហៅឯកអគ្គរដ្ឋទូតត្រឡប់មកវិញហើយ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងប្រទេសទាំងពីរនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី៕