មនុស្ស ១០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា

នៅក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទាំងកំរោលគឃ្លើនតាំងព្រឹកព្រលឹមត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះពីកងកម្លាំងយោធាសហរដ្ឋអាមេរិក ដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ  និងភរិយា កាលពីថ្ងៃសៅរ៍កន្លងទៅ បណ្តាឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួន ១០០នាក់បានស្លាប់។

សារព័ត៌មាន Reuters ចេញផ្សាយដោយស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយថា ភរិយារបស់លោក ម៉ាឌូរ៉ូ គឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស ដែលត្រូវបានចាប់ខ្លួនជាមួយលោក ម៉ាឌូរ៉ូ ដែរនោះ បានរងរបួសក្បាលក្នុងអំឡុងពេលឆ្មក់ចូលរបស់កងកម្លាំងពិសេសសហរដ្ឋអាមេរិក ហើយលោក ម៉ាឌូរ៉ូ ខ្លួនឯងក៏បានរងរបួសជើងដែរ។

ទីក្រុងការ៉ាកាសដំបូងឡើយមិនបានបង្ហើបឱ្យដឹងពីចំនួនអ្នកស្លាប់នោះទេ។ ចំណែកក្រុមមន្ត្រីវ៉េណេស៊ុយអេឡាវិញបាននិយាយថា កងអង្គរក្សមួយផ្នែកធំរបស់លោក ម៉ាឌូរ៉ូ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ខណៈគុយបាក៏អះអាងថា កងកម្លាំង និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនក្នុងប្រទេសវ៉េណេស៊ុយអេឡា ក៏ត្រូវបានសម្លាប់ផងដែរ។

លោក ម៉ាឌូរ៉ូ  មានអាយុ​៦៣ឆ្នាំ និង​ភរិយា លោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស មានវ័យ​៦៩ឆ្នាំ​ កំពុងតែជាប់​ឃុំ​ក្នុង​ពន្ធនាគាររដ្ឋសហព័ន្ធ ​Metropolitan Detention Center  នៅ​​ Brooklyn។  ឥស្សរជនគូ​ប្តីប្រពន្ធ​ទាំង​២នេះ នឹងត្រូវ​ប្រឈមមុខ​ចំពោះការ​ចោទប្រកាន់ធំៗ ​ក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម ភេរវកម្ម​​គ្រឿង​ញៀន និង​ការ​ជួញដូរ​កូកាអ៊ីន​ឆ្លងប្រទេស​៕