សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ឋធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារំាង ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៥នេះ បានលើកឡើងពីការឯកភាពរបស់ កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្ន ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខុដុមរមនា និងវិបុលភាពរួម។
សម្តេចប្រធានរដ្ឋសភាបានបន្តថា គោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៌ដែលកម្ពុជាបានប្តេជ្ញាចិត្តដោយមោះមុត។ទោះបីជាវាលំបាក ឬសាំញុំាប៉ុណ្ណាក៏ដោយ ជម្លោះនេះត្រូវតែដោះស្រាយតាមមធ្យោបាយដោយសន្តិភាព ដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានជាធរមាន។
កិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស ជាកិច្ចប្រជុំ ដ៍មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរ ទស្សនៈ ដោយភាព ស្មោះត្រង់ និងបើក ចំហរ លើ បញ្ហា ប្រឈមដ៏សំខាន់បំផុត ដែលពិភពលោកកំពុង ជួបប្រទះ ។ កិច្ចប្រជុំតុមូលបានប្រារព្ឋធ្វើឡើង ក្រោមប្រធានបទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈ ដែលសណ្តាប់ធ្នាប់ពិភពលោកមានការបែកខ្ញែក»។
ក្រោយពីការលើកឡើងរបស់សម្តេចប្រធាន សមាជិកចូលរួមកិច្ចប្រជុំ បានសម្តែងការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ។ កិច្ចប្រជុំវាយតម្លៃខ្ពស់ចំពោះសន្តិភាព។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថាកម្ពុជា ជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាប្រទេសតូច មិនមែនមានន័យថា យើងមិនមានសិទ្ធិស្វ័យសម្រេច ឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងគោលនយោបាយការបរទេសយ៉ាងច្បាប់ជាគោល។
សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានលើកនូវយោបល់ចំនួន ៣ ដល់កិច្ចប្រជុំទី ១) យើងត្រូវវិនិយោគជាប្រចាំលើការកសាងសន្តិភាព ការទូតបង្ការ និងការគ្រប់គ្រងវិបត្តិដោយប្រសិទ្ធភាពទី ២) យើងត្រូវពង្រឹងប្រព័ន្ធពហុភាគីនិយមមានភាពបើកចំហរ បរិយាបន្ន និងច្បាប់ជាធំនិងទី ៣) យើងត្រូវលើកកម្ពស់អភិក្រមនិយមកណ្តាល យកប្រជាជនជាគោល ក្នុងការគ្រប់គ្រងវិបត្តិ និងដោះស្រាយជម្លោះ និងលើកកម្ពស់របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ៕





