ឯកឧត្តម សុខ ពុទ្ធិវុធ៖ ឱកាសអាហារូបករណ៍ នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សាពិតប្រាកដតែប៉ុណ្ណោះ

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ឱកាសអាហារូបករណ៍ នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សា ពិតប្រាកដតែប៉ុណ្ណោះ ។

ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ ចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយបណ្តាអង្គភាពពាក់ព័ន្ធលើកិច្ចការអាហារូបករណ៍ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈ​កម្មាធិ​ការ នៅឆ្នាំសិក្សា២០២៤-២០២៥ និងឆ្នាំសិក្សាបន្តបន្ទាប់ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បាន និងកំពុងធ្វើកំណែទ​ម្រង់​នីតិវិធីចុះឈ្មោះ និងការផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជន ផ្លាស់ប្តូរទៅជាការអនុវត្តតាមប្រព័ន្ធឌីជីថល ។

ការផ្លាស់ប្តូរតាមបែបឌីជីថលនេះ គឺដើម្បីធានាសុក្រឹតភាពនៃដំណើរការជ្រើសរើសនិស្សិតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រកបដោយគុណភាព តម្លាភាព យុត្តិធម៌ និងបរិយាបន្ន៕

អត្ថបទ៖ ពុទ្ធិកា