រដ្ឋាភិបាលចិនបានចេញមុខទទូចឱ្យសហរដ្ឋអាមេរិក បន្តគោរពឱ្យម៉ឺងម៉ាត់ចំពោះបម្រាមធ្វើតេស្តអាវុធនុយក្លេអ៊ែរជាសកល បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យមានការចាប់ផ្តើមធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់។
យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលាបាននិយាយថា៖ «ចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចនៅក្រោមសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ និងការប្តេជ្ញារបស់ខ្លួនចំពោះបម្រាមលើការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ហើយចាត់វិធានការដើម្បីការពារ កិច្ចប្រឹងប្រែងមិនរីកសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ ក៏ដូចជាការពារតុល្យភាព និងស្ថិរភាពយុទ្ធសាស្តរបស់ពិភពលោក»។
គួរឲ្យដឹងថា ការចេញបញ្ជាបន្ទាន់របស់មេដឹកនាំអាមេរិក លោក ត្រាំ ធ្វើឡើងបន្ទាប់ពីរុស្ស៉ីនៅក្នុងខែតុលានេះបានដំឡើងសាច់ដុំជាបន្តបន្ទាប់ ជាមួយការធ្វើតេស្តសព្វាវុធថ្មីៗ រួមមាន៖ មីស៉ីលគ្រូស Burevestnik និងមីស៉ីលរត់ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ Poseidon ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងមូស្គូបានចេញមុខបកស្រាយថា ការធ្វើតេស្តអាវុធទាំងនោះមិនមែនជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដែលហាមឃាត់ក្រោមសន្ធិសញ្ញានោះឡើយ។
សូមជម្រាបផងដែរថា សហរដ្ឋអាមេរិក បានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកចុងក្រោយ កាលពីឆ្នាំ១៩៩២ ហើយក៏ជាប្រទេសដែលបានបើកយុគសម័យនុយក្លេអ៊ែរ កាលពីខែកក្កដា ឆ្នាំ១៩៤៥ ជាមួយការធ្វើតេស្តគ្រាប់បែកបរមាណូកម្លាំង ២០គីឡូតោន ហើយបន្ទាប់មក បានប្រើប្រាស់គ្រាប់បែកប្រភេទនោះសរុប២គ្រាប់ ទម្លាក់លើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុន កាលពីខែសីហា ឆ្នាំ១៩៤៥ ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី២៕


