អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃពុធ ទី២២ ខែតុលា បានប្រកាសថានឹងលាលែងចេញពីតំណែង ក្រោយរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣តុលា បានចុះផ្សាយឲ្យដឹងថា ក្រុមបក្សប្រឆាំងបានចោទថា អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Vorapak Tanyawong និងភរិយារបស់លោក គឺស្ថិតក្នុងចំណោម អ្នកនយោបាយថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន ដែលរកស៉ីលាងលុយសម្រាប់បម្រើដល់ប្រតិបត្តិការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក Vorapak បានចេញមុខច្រានចោល ប៉ុន្តែបាននិយាយថា លោកនឹងលាលែងពីតំណែង ដើម្បីឱ្យរដ្ឋាភិបាល អាចបន្តដឹកនាំប្រទេសដោយរលូន កុំឱ្យមានឧបសគ្គរារាំងដោយសារតែរឿងរបស់លោក។
លោក Vorapak បានអះអាងបន្តថា លោកមានភាពស្អាតស្អំ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងជនទាំងឡាយដែលបំភ្លៃការពិត និងចែកចាយព័ត៌មានក្លែងក្លាយ។
គួរឲ្យដឹងថា លោក Vorapak បានក្លាយជាមន្រ្តីដំបូងគេនៅក្នុងគណៈរដ្ឋមន្រ្តី របស់នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ដែលបានលាលែងចេញពីតំណែង៕


