ឯកឧត្តម ហួត ហាក់ និងគណៈប្រតិភូក្រសួងទេសចរណ៍ បានអញ្ជើញទៅក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ និងមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាជាតិ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
អំឡុងពេលស្នាក់នៅក្រៅប្រទេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយក្រុមហ៊ុនទេសចរណ៍ អ្នកវិនិយោគ និងបណ្តាញផ្សព្វផ្សាយទេសចរណ៍ល្បីៗ ដើម្បីបង្ហាញពីនាំសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសបំពេញទស្សនកិច្ចដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយលោក John Williams ទទួលបន្ទុកការផ្សាយប្រចាំតំបន់អាស៊ីអគ្នេយ៍ និងសិង្ហបូរី និងលោក Nick Kwek ជាពិធីករកម្មវិធីស្តីម្ហូបអាហារជុំវិញពិភពលោក នៃបណ្តាញ BBC Global News Limited ដើម្បីជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Simplenight ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាទេសចរណ៍ដ៏ធំ និងឈានមុខគេមួយលើពិភពលោក ដែលចង់ស្វែងយល់ពីកតា្តសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមក្រោមការដឺកនំារបស់រាជរដ្ឋាភិបាល ព្រមទាំងបានជ្រាបពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគលើវិស័យទេសចរណ៍។
ឯកឧត្តម ហួត ហាក់ បានបន្តទទួលជួបពិភាក្សាការងារជាមួយលោក Tom Hall ជាអនុប្រធានក្រុមហ៊ុន Lonely Planet សៀវភៅមគ្គុទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក Lonely Planet និងសហការី ចូលជួបពិភាក្សាការងារ ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀមក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ចំណាត់ថ្នាក់ទីក្រុងសៀមរាបជាគោលដៅទេសចរណ៍ដ៏ល្អមួយដែលត្រូវតែមកទស្សនាក្នុងឆ្នាំ២០២៥ នេះ។
បន្ថែមពីនេះ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយលោកស្រី Lyn Hughes សហស្ថាបនិកទស្សនាវដ្តី Wanderlust ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីចាប់តាំងពីឆ្នាំ១៩៩៣ និងមានអ្នកអាននាំមុខគេនៅក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប ព្រមទាំងបានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែបដល់ប្រជាជនអង់គ្លេស និងពិភពលោក។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស Audley Travel ដែលតែងតែនាំភ្ញៀវទេសចរអង់គ្លេសជាច្រើនមកទស្សនាកម្ពុជា បានសន្យាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងចំណាត់ថ្នាក់ទីក្រុងសៀមរាបជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អមួយប្រចាំឆ្នាំ២០២៥ ដោយ Lonely Planet ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរអង់គ្លេស និងអន្តរជាតិ។ ការសន្យានេះ ក្នុងពេលលោកស្រី Rebecca Edwards នាយិកាទទួលបន្ទុកផលិតផលជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Audley Travel បានជួបពិភាក្សាការងារជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group និងសហការី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមួយក្រុមហ៊ុន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ធំៗ ចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀតដូចដែលបានលើកឡើងក្នុងជំនួបនាពេលនេះ។
ក្នុងពេលជួបជាមួយក្រុមហ៊ុនទេសចរណ៍ អ្នកវិនិយោគ និងបណ្តាញផ្សព្វផ្សាយទេសចរណ៍ល្បីៗទាំងនោះ ឯកឧត្តម ហួត ហាត់ ក៏បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីមកទស្សនា ពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោកទាំងមូល៕









