ព្រះមហាក្សត្រថៃ ព្រះបាទ វេជ្ជារ៉ាឡុងកន ទ្រង់មានព្រះរាជហឫទ័យព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូង និងបានចេញព្រះរាជបញ្ជាដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរកម្លាំងពីកងទ័ពជើងទឹក កងទ័ពជើងអាកាស ក្រសួងមហាផ្ទៃ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយដល់ប្រជាជន។
កាសែតថៃ Khaosod English បានចេញផ្សាយដោយព្រះមហាក្សត្រថៃ ទ្រង់បានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការសម្រាប់ទូកដើម្បីជួយសង្រ្គោះប្រជាជនពីតំបន់គ្រោះថ្នាក់ និងជម្លៀសពួកគេទៅកាន់តំបន់សុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក៏ដូចជាការផ្តល់ការផ្គត់ផ្គង់ចាំបាច់ រួមមានអាហារ និងទឹកស្អាតជាដើម។
អគ្គសេនាធិការកងទ័ពថៃ នៅថ្ងៃអង្គារនៅនេះ បានបញ្ជាឱ្យគ្រប់អង្គភាពកងទ័ព ចល័តសម្ភារៈ និងបុគ្គលិកជាបន្ទាន់ ដើម្បីជួយដោះស្រាយវិបត្តិទឹកជំនន់នៅទីក្រុង Hatyai ខេត្តសុងក្លាដោយត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ធ្ងន់ធ្ងរឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
គួរឲ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រជាជនរស់នៅខេត្តសុងក្លា បានសរសេរសំបុត្រមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយនិយាយថា ពួកគេត្រូវការការជម្លៀសជាបន្ទាន់ មិនមែនគ្រាន់តែជាការចុះសួរសុខទុក្ខសម្រាប់ឱកាសថតរូបនោះទេ ដោយសង្កត់ធ្ងន់ថា ការចុះសួរសុខទុក្ខបែបនេះមិនបានជួយមនុស្សដែលកំពុងរង់ចាំការសង្គ្រោះនៅលើដំបូលផ្ទះនោះទេ៕

