មនុស្សប្រមាណ ១៦ ០០០នាក់ ចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី៣០ លើទឹកអង្គរ

ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥ បានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិ ចំនួន១៦ ០០០នាក់ ក្នុងនោះអត្តពលិកជាតិ ចំនួន១២ ៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ចំនួន៣៣៦២នាក់ មកពី៨៦ប្រទេស ចូលរួមរត់ប្រណាំង និងទទួលយកបទពិសោធន៍ដ៏អសារ្យនៅលើទឹកអង្គរ បេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី៧ ខែធ្នូនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ បានក្លាយជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំមួយប្រចាំឆ្នាំ ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោករាប់ម៉ឺននាក់ មកជួបជុំគ្នារត់ប្រណាំងកម្សាន្តសប្បាយផង និងបានចំណាយពេលវេលាទស្សនាស្វែងយល់ពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើង ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិភណ្ឌពិភពលោក ដែលបានចាត់ថ្នាក់ដោយអង្គការ UNESCO ផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីមោទនភាពក្នុងនាមជាម្ចាស់ផ្ទះ ចំពោះវឌ្ឍនភាពគួរជាទីកត់សម្គាល់ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដែលចាប់ផ្តើមដំបូងជាមួយអ្នករត់មិនលើសពី ៥០០នាក់ នៅក្នុងឆ្នាំ១៩៩៦ រហូតដល់អ្នករត់កើនឡើងដល់ទៅ ១៦,០០នាក់ ក្នុងខួប៣០ឆ្នាំ នាពេលនេះ។ ឯកឧត្តមបានបន្ថែមថា ការរីកចម្រើននេះ គឺជាសក្ខីភាពជាក់ស្តែងបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ថាមពលខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយពោរពេញដោយស្ថិរភាព សុវត្ថិភាព និងភាពស្វាគមន៍រាក់ទាក់ ដែលការណ៍នេះ បានក្លាយជាកម្លាំងចលករជំរុញថាមពលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណដល់ អង្គការបេះដូងមាស “Heart of Gold” ជប៉ុន, ស្ថានទូតនៃចក្រភពជប៉ុនប្រចាំកម្ពុជា, Kasumigaura Marathon ជប៉ុន ដែលជាដៃគូជាមួយ Angkor Wat International Half Marathon និងអរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំង និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត ដែលតែងតែរួមគ្នាកសាងគុណតម្លៃ និងប្រសិទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ ឱ្យកាន់តែមានប្រជាប្រិយភាព និងជោគជ័យ ពីមួយឆ្នាំ ទៅមួយឆ្នាំ៕