ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្តសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។
ការផ្អាកនេះ ដោយសារមានការឈ្លានពានពីសំណាក់យោធា ថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះ។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានប្រកាសឲ្យគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួររម្លឹកថា ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងង ១០ព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។
ដោយឡែកនៅវេលាម៉ោង ១៤:០២នាទី យោធាថៃ បានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន ១គ្រាប់ ទៀតចូលភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ដដែល។ សកម្មភាពវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃនេះ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕

