ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពាក្យចាស់ថា ៖«មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣០ ខែកក្កដានេះថា៖ «លទ្ធផលនៃសង្រ្គាមឈ្លានពានដែលកម្ពុជាបានរងគ្រោះតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានរបស់ប្រជាជនស្លូតត្រង់ជាច្រើន»។

ឯកឧត្តម ហ៊ុន ម៉ានី រៀបរាប់ថា ភូមិស្ថានដែលធ្លាប់តែអ៊ូអរប្រែក្លាយជាស្ងាត់ជ្រងំដូចភូមិដែលគេទុកចោល ដូចឃ្លាមួយដែលចាស់ៗតែងពោលថា «មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។

ដោយឡែក ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ ក៏ប៉ុន្តែបានជះឥទ្ធិពលដល់វិស័យអប់រំរបស់កម្ពុជាដូចគ្នា ដោយសាលារៀនមួយចំនួននៅតាមឃុំស្រុក នៅតំបន់ដែលទទួលរងនូវការវាយប្រហារត្រូវបានផ្អាកបណ្ដោះអាសន្ន ដែលធ្វើឱ្យរំខានយ៉ាងខ្លាំងដល់សិស្សានុសិស្សទាំងអស់ បើទោះបីជាការប៉ះទង្គិចគ្នាមានរយៈពេលត្រឹមតែ ៥ ថ្ងៃក៏ដោយ។

ឯកឧត្តម បានបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទីជម្រកសុវត្ថិភាព ស្បៀងអាហារ ដើម្បីការពារ និងគេចចេញពីការវាយប្រហារ ជូនដល់បងប្អូនប្រជាជនភៀសសឹក ចាកចេញពីភូមិដ្ឋានដ៏កក់ក្ដៅរបស់ខ្លួន ដែលបណ្ដាលមកពីសង្គ្រាមឈ្លានពាន។

លើសពីនេះ ក្រោយពីទទួលអនុវត្តនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងប្រទេសទាំងពីរ ពេលនេះបងប្អូន ជនភៀសសឹកមួយចំនួនក៏បាននិងកំពុងធ្វើដំណើរវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន ដោយក្ដីសង្ឃឹម បន្ទាប់ពីមន្ត្រីសន្តិសុខបានវាយតម្លៃថាស្ថានការណ៍ព្រំដែនមានសុវត្ថិភាពឡើងវិញក្រោយការឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នេះគឺជាលទ្ធផលមួយដ៏ល្អសម្រាប់ប្រជាជន។

ឯកឧត្តមសង្កត់ធ្ងន់ថា កម្ពុជាចង់បានតែសន្តិភាព ហើយយើងតែងតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហារដោយសន្តិវិធីតែប៉ុណ្ណោះ៕