រដ្ឋមន្ត្រីវប្បធម៌ រន្ធត់ក្តុកក្តួលយ៉ាងខ្លាំងពេលបានឃើញការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលមានទំហំរាប់រយដងលេីសពីការកត់ត្រា

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា​ និងខែធ្នូឆ្នាំ២០២៥កន្លងទៅ​ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។

ក្នុងបេសកកម្មខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។ “ការខូចខាត​ បាក់បែក​ ដែលបានពិនិត្យឃេីញដោយផ្ទាល់ភ្នែកនេះមានទំហំរាប់រយដងលេីសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅដែលបានកត់ត្រាការខូចខាតសរុបចំនួន​ ៥៦២កន្លែង”​ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកជំទាវរដ្ឋមន្ត្រី។

លោកជំទាវបានលើកឡើងថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌​ ហេីយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ​ ទោះក្នុងកាលៈទេសៈណាក៏ដោយ​ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២​ ស្តីពីបេតិកភណ្ឌពិភពលោក​ និងអនុសញ្ញាឆ្នាំ១៩៥៤​ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។

គួរបញ្ជាក់ថា​ ប្រាសាទព្រះវិហាររងការខូចខាតចំនួន​ ១៤២កន្លែង​ នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា​ និងខូចខាតបន្ថែមចំនួន​ ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥​ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ៕

5
Promotion