រថយន្តមួយគ្រឿងបានបើកបុកហ្វូងអ្នកគាំទ្រក្លិបបាល់ទាត់ Liverpool អំឡុងពេលដង្ហែរក្បួនអបអរពានរង្វាន់បាល់ទាត់ក្របខ័ណ្ឌ Premier League របស់ក្រុមខ្លួនកាលពីថ្ងៃចន្ទ ដោយបានបញ្ជូនមនុស្សចំនួន ២៧ នាក់ទៅកាន់មន្ទីរពេទ្យ ដោយប៉ូលីសថាឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះ។
ប៉ូលីសបានចាប់ខ្លួនបុរសជនជាតិអង់គ្លេសស្បែកសអាយុ ៥៣ ឆ្នាំម្នាក់មកពីតំបន់ Liverpool ជាអ្នកវាយប្រហារក្រុមអ្នកគាំទ្រជាច្រើនដែលកំពុងប្រារព្ធនៅទីក្រុងនៅភាគពាយព្យនៃប្រទេសអង់គ្លេស។
មនុស្ស ២០ នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ ក្នុងចំណោមអ្នកទាំង២៧នាក់ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះ មាន៤នាក់ជាកុមារ ។ កុមារម្នាក់ និងមនុស្សពេញវ័យម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សបួននាក់ដែលជាប់នៅក្រោមរថយន្តត្រូវបានអ្នកពន្លត់អគ្គិភ័យរំដោះចេញ។
យ៉ាងណាម៉ិញ ក្លិប Liverpool បានឈ្នះពានរង្វាន់ចុងក្រោយក្នុងអំឡុងពេលជំងឺរាតត្បាត COVID នៅពេលដែលការប្រារព្ធពិធីមិនត្រូវបានអនុញ្ញាតដោយសារតែការបិទខ្ទុបប្រទេស៕
ដោយ៖ ចិន្តា ទីទិ




