ព្រឹត្តិការណ៍« Hong Kong Film Gala Presentation »លើកទី២នៅ កម្ពុជា ជាវេទិកាបង្ហាញពីវប្បធម៌ក្នុងការនាំភាពយន្តហុងកុងមកដាក់បញ្ចាំង ! 

ជាមួយនិងការវិលត្រឡប់មកជាថ្មីក្នុង ព្រឹត្តិការណ៍« Hong Kong Film Gala Presentation»លើកទី២នៅក្នុងប្រទេស កម្ពុជា លើកនេះ ក៏មានចាក់បញ្ចាំងភាពយន្តហុងកុងល្បីៗចំនួន៦ ប្រជុំដោយអ្នកដឹកនាំល្បីៗជាច្រើនរបស់ហុងកុង ។ ជាពិសេសព្រឹត្តិការណ៍នេះក៏បានចូលរួមចំណែកផ្សព្វផ្សាយភាពយន្តនិង បង្ហាញពីវប្បធម៌និងភាពទាក់ទាញរបស់ទីក្រុងហុងកុងផងដែរ ។ 

ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុងនៅ កម្ពុជា លើកទី២នេះបានរៀបចំឡើងកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៥ កន្លងមកនេះ ដោយមានការអញ្ជើញចូលរួមជាអធិបតីក្រោមវត្តមានឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ។ លោកស្រី Ji Li កុងស៊ុលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក  Parson Lam នាយកការិយាល័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ព្រមទាំងផលិតករ តារាសម្តែងភាពយន្តហុងកុង និងសិល្បករសិល្បការិនីក្នុងប្រទេស កម្ពុជា ជាច្រើន …។

ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុង ឬ Hong Kong Film Gala Presentation បានរៀបចំឡើងដោយបណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី(AFAA) ជំនួយហិរញ្ញវត្ថុពី មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO)​នៅទីក្រុងបាងកក នឹងសហការរៀបចំដោយ​ក្រុមហ៊ុន Westec Media Limitedជាមួយនឹងការចាក់បញ្ជាំងភាពយន្តហុងកុងពិសេសចំនួន ៦ នៅ Fable Cinema​ មានទីតាំងនៅ Factory Phnom Penh​ ដែលជា​កន្លែងបែបច្នៃប្រឌិតធំមួយនៅក្នុងអាស៊ី​អាគ្នេយ៍ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ខែមេសា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Hong Kong Film Gala Presentationរៀបចំឡើងក្នុងគោលបំណងជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងឧស្សាហកម្មភាពយន្តនៃតំបន់ទាំងពីរ ការបង្ហាញភាពសម្បូរបែបនៃភាពយន្តហុងកុង និងណែនាំភាពយន្តឆ្នើមបន្ថែមទៀតដល់ទស្សនិកជន កម្ពុជា ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីទេពកោសល្យសិល្បៈរបស់អ្នកដឹកនាំខ្សែភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងរវាងសហគមន៍ភាពយន្តហុងកុង និងកម្ពុជា ។

ភាពយន្តដែលត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងជាពិសេសនៅ Fable Cinema មានដូចជា ភាពយន្ត Papa ដឹកនាំដោយលោក Philip YUNG, ភាពយន្ត Inexternal ដឹកនាំដោយលោក YUEN Kim Wai, ភាពយន្ត Stuntman ដឹកនាំដោយលោក Albert LEUNG និង Herbert LEUNG, ភាពយន្ត Red Little Sweet ដឹកនាំដោយលោក Vincent CHOW, ភាពយន្ត Blossoms Under Somewhere ដឹកនាំដោយលោកRiley YIP, និង​ ខ្សែភាពយន្តល្បីបំផុត Mr. Vampire។ ព្រមទាំងការចូលរួមដោយផ្ទាល់ពិសំណាក់អ្ន​កដឹកនាំខ្សែភាពយន្តឆ្នើម ដើម្បីស្វាគមន៍ទស្សនិកជនមុននឹងការចាក់បញ្ចាំង គឺ លោក Riley YIP និងតារាសម្តែងលោក Adam PAK ក្នុងភាពយន្ត Blossoms Under Somewhere និងតារាសម្តែងពីរនាក់ទៀត គឺលោក Max CHEUNG​​ និងSing LAM ក្នុងភាពយន្ត Stuntman ៕