នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ មានជីវភាពធូធារ និងមានទ្រព្យចាយវាយមិនខ្វះ មិនថាផ្ទះសំបែង ដីធ្លី រថយន្តទំនើប និងអាជីវកម្មធំៗនានា ដោយឡែកថ្មីៗនេះ អ្នកនាង បែរជាប្រកាសបើកហាងអាហារដ៏សាមញ្ញមួយទៅវិញ ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ។

ជារៀងរាល់ឆ្នាំតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ តែងតែប្រើជីវិតហ៊ឹហារចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជាច្រើន ដើម្បីសាកថ្មជីវិត ដោយមិនខ្វល់ពីប្រាក់កាសនោះទេ ពីព្រោះនាងមានគ្រួសារដែលល្អ និងមានអាជីវកម្មជាច្រើននៅក្នុងដៃ ។ តែអ្វីដែលធ្វើឱ្យទស្សនិកជនមានការងឿងឆ្ងល់នោះ ស្រាប់តែថ្មីៗនេះនាងបានប្រកាសបើកហាងអាហារសាមញ្ញមួយទៅវិញ រហូតមានអ្នកខ្លះថា នាងមានបញ្ហាសេដ្ឋកិច្ចហើយ ទើបចេញរកប្រាក់ដោយផ្ទាល់ជាមួយនិងការបើកហាងអាហារបែបនេះ ។
ទោះជាយ៉ាងនេះក្តីតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ មិនបានចាប់អារម្មណ៍នោះទេ ផ្ទុយទៅវិញនាងបែរជាសប្បាយរីករាយ និងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមសម្ពោធបើកហាង « ផ្ទះបាយម៉ាក់ឆៃ » របស់ខ្លួនទៅវិញ ។
អ្នកនាង ឈួន សុវណ្ណឆៃ បាននិយាយថា ហាង « ផ្ទះបាយម៉ាក់ឆៃ » គឺជាក្តីស្រមៃរបស់នាងយូរហើយ នាងស្រឡាញ់ខាងការធ្វើម្ហូប និងលក់កាហ្វេជាដើម ទើបតែថ្មីៗនេះនាងសម្រេចចិត្តបើកហាងនេះឡើង ។ ថ្វីដ្បិតតែមើលទៅការងាររកស៊ីនេះសាមញ្ញ ធម្មតាៗនិងមិនសូវមានអ្នកឱ្យតម្លៃ ឬអ្នកខ្លះថា រកប្រាក់ចំណូលមិនបានច្រើនក្តី ប៉ុន្តែនាងមិនខ្វល់ឡើយ ដោយនាងខំប្រឹងធ្វើយ៉ាងណាឱ្យភ្ញៀវមកហាងនាងឱ្យបានច្រើន និងបានសាកម្ហូមឆ្ងាញ់ៗនៅក្នុងហាងនេះ គឺនាងសប្បាយចិត្តហើយ ។ ចំណូលតិចឬច្រើនតាមជាក់ស្តែង ។
តារាចម្រៀង ឈួន សុវណ្ណឆៃ ថែមទាំងនិយាយទៀតថា ការងាររកស៊ីអ្វីសុទ្ធតែល្អទាំងអស់ សំខាន់យើងចេះឱ្យតម្លៃការងារនោះ និងខំប្រឹងធ្វើឱ្យអស់ពីលទ្ធភាព ហើយទទួលបានជោគជ័យ នោះគឺជាភាពជោគជ័យធំបំផុតក្នុងជីវិត ៕



