ថ្មីៗនេះតារាសម្តែង និងបង្ហាញម៉ូដ ម៉ាច ដាវី បានបោះប្រាក់ផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារដើម្បីបើកអាជីវកម្មខាងផ្នែកសម្រស់ ដោយសុខចិត្តដកខ្លួន២ឆ្នាំពីការប្រកួតសម្រស់ ។

កាលពីឆ្នាំ២០២៤ កញ្ញា ម៉ាច ដាវី ធ្លាប់បានចូលរួមនៅក្នុងការប្រកួតសម្រស់ដ៏ធំមួយ ថ្វីដ្បិតតែមិនជាប់ជាម្ចាស់ជ័យលោភី ប៉ុន្តែនាងក៏បានឈានដល់ Top សំខាន់ផងដែរ ។ កញ្ញា ម៉ាច ដាវី នៅតែមានបំណងនិងត្រឡប់មកចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ជាថ្មីម្តងទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ប៉ុន្តែសម្រាប់ពេលវេលាច្បាស់លាស់ក្នុងការវិលត្រឡប់នោះ នាងបាននិយាយថា នាងសុំពេកប្រមាណ២ ឆ្នាំ ដើម្បីធ្វើការងាររកស៊ីឱ្យជោគជ័យសិន មុននឹងនាងត្រឡប់មកដណ្តើមមកុដជាថ្មី ។
កញ្ញា ម៉ាច ដាវី បាននិយាយថា ពេលនេះនាងបានបោះទុកប្រាក់ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួនមួយ ទាក់ទងនិងផលិតផលថែរក្សាសម្រស់ បើតាមគម្រោងអាជីវកម្មនេះនឹងដំណើរការជាផ្លូវការនៅបំណាច់ឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ដោយសារពេលនេះស្ថិតក្នុងដំណាក់កាលរៀបចំនិងសាកល្បងបណ្តើរៗ ។ នាងរំពឹងថា អាជីវកម្មរបស់ខ្លួននឹងទទួលបានជោគជ័យ ពីព្រោះនាងបានដាក់ចិត្តដាក់កាយ ខ្លាំងក្នុងការបើករបរមួយទៀត ដោយបានចំណាយថវិការផ្ទាល់ខ្លួនច្រើនគួរសម គឺរាប់ម៉ឺនដុល្លារឯណោះ ។
ស្របពេលដែលបោះទុនប្រាក់ទៅលើអាជីវកម្មថ្មីរបស់ខ្លួន កញ្ញា ម៉ាច ដាវី ក៏បានកាត់បន្ថយការងារសិល្បៈផងដែរ ភាគច្រើននាងទទួលថតតែផលិតផល ឬការងារណាដែលចំណាយពេលវេលាខ្លី ជាក់ស្តែងដូចការថតរឿងភាគវែងៗ គឺនាងសុំផ្អាកថតមួយរយៈពេលសិន ដោយសារនាងចង់ទុកពេលវេលាមើលការងាររកស៊ីរបស់ខ្លួនឱ្យដំណើរការរលូនទៅតាមគម្រោងដែលបានគ្រោងទុក ៕



